2025-06-27 16:58
4

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra គ្រោងនឹងជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅល្ងាចនេះ ខណៈដែលភាពតានតឹងកើនឡើងអំពីបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ។

The Nation បានឱ្យដឹងថា ការជួបសន្ទនា និងពិភាក្សាជាមួយលោក Macron ប្រធានាធិបតីបារាំង របស់លោកស្រី Paetongtarn ធ្វើឡើងជាបន្ទាន់បន្ទាប់ពីភាពតានរឹងអំពីទំនាក់ទំនងរវាងកម្ពុជា-ថៃ ឡើងកំដៅរឿងជម្លោះព្រំដែន ស្របពេលសម្តេចតេជោលាតត្រដាងរឿងសម្ងាត់ដែលគ្រួសារក្រកូល ថាក់ស៊ីន រៀបចំផ្លាស់ប្តូរមេដឹកនាំ និងការប្រមាថព្រះមហាក្សថៃជាដើម។

ចំពោះកិច្ច្ចសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីបារាំង គ្រោងនឹងធ្វើឡើងនៅម៉ោង ៤និង០០នាទីល្ងាចនេះ នៅការិយាល័យនាយករដ្ឋមន្រ្តីនៃវិមានរដ្ឋាភិបាលថៃ។ ភាពតានតឹងកំពុងកើនឡើងរវាងប្រទេសកម្ពុជា-ថៃ បានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយនានា។ 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា៖ «កម្ពុជាមិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នបានទេ ហើយកម្ពុជារង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ហើយតាមការប៉ាន់ស្មានរបស់សម្តេចអាចក្នុងរយៈពេល៣ខែទៀត ប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រី»។

សម្តេចតេជោបានទម្លាយផែនការសម្ងាត់របស់គ្រួសារក្រកូល «ថាក់ស៊ីន» អំពីផែនការក្នុងការផ្លាស់ប្តូរការដឹកនាំរបស់ប្រទេសថៃ ក៏ដូចជាប្រមាថព្រះមហាក្សត្រថៃ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

ទំនាក់ទំនងរវាងសម្ដេចតេជោ ហ៊ុន សែន ដែលរាប់គ្នាជាបងប្អូនធម៌ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អស់រយៈជាង ៣០ឆ្នាំ មកនេះ ត្រូវបានរលាយត្រឹមមួយប៉ប្រិចភ្នែក ទើបសម្តេចដាច់ចិត្តទម្លាយរឿងសម្ងាត់ក្នុងចំណោមរឿងជាច្រើនផ្សេងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ថាក់ស៊ីន គឺជាមនុស្សពូកែសម្ដែងជាមនុស្សដែលកំពុងជំងឺ ដើម្បីបន្លំភ្នែកមហាជនថៃ និងតុលាការធម្មនុញ្ញថៃតែប៉ុណ្ណោះ ប៉ុន្តែការពិតគ្មានជំងឺនោះឡើយ៕