
បន្ទាប់ពីថៃ នាំគ្នាផ្សព្វផ្សាយព្រោងព្រាតថា ខ្មែរសុំទាននៅថៃ បើតាមការចេញផ្សាយដោយ Thai Times បានឲ្យដឹងថា ការពិត ចំនួនអ្នកសុំទាននៅប្រទេសថៃបានកើនឡើងដល់ ៥០៦នាក់ហើយ ក្នុងនោះ ៦៥% ជាជនជាតិថៃ។ តាមតួលេខនេះបញ្ជាក់ឲ្យដឹងថា វាមានការកើនឡើង 20% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លើសពីនេះ តាមការចុះផ្សាយរបស់ bangkokpost កាលពីថ្ងៃទី ១៤ សីហា ២០២៤ កន្លងទៅ ក៏បានឲ្យដឹងដែរថា មានជនជាតិថៃឆ្លងទូកទៅសុំទាននៅក្នុងប្រទេសម៉ាឡេស៊ី ។ តាមរយៈមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសមន្ត្រីនៃ នាយកដ្ឋានសុខុមាលភាពសង្គម Kelantan ។ ក្នុងនោះ ពួកគេក៏បានបញ្ជាក់ពីការកើនឡើងនៃចំនួនអ្នកសុំទានបរទេស ជាពិសេសជនជាតិថៃ។
បន្ថែមពីនេះ យោងតាម The Star & New Straits Times កាសែតម៉ាឡេស៊ីក៏បានចុះផ្សាយព័ត៌មានលម្អិតអំពីបណ្ដាញដែលរៀបចំឡើងសម្រាប់ការសុំទាន និងការរកឃើញជនជាតិថៃមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពនេះ ហើយរបាយការណ៍បានបង្ហាញថាអ្នកសុំទានអាចរកប្រាក់បានខ្ពស់ជាង 300 រីងហ្គីត (ប្រហែល 2,300 បាតថៃ) ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ពាក្យថាសុំទាននេះ នៅប្រទេសណាក៏មានដែរ មិនថាកម្ពុជា ឬប្រទេសណាមួយលើលោកនោះទេ ហើយក៏គ្មានច្បាប់ណាមួយដាក់ទោសឬមើលងាយលើអ្នកសុំទាននោះដែរ។ ម្យ៉ាងវិញទៀត ប្រទេសណាក៏ដូចប្រទេសណាដែរ គ្រប់ប្រទេសមិនមែនគ្រប់១០ទាំងអស់នោះទេ វាតែងមានចន្លោះខ្វះខាត ចឹងបានថាមុនចោទគេឲ្យមើលខ្លួនឯងសិន ប្រយ័ត្នគេចោទវិញសើចលែងសម៕



