
ភ្នំពេញ៖ «ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»។
ខាងលើនេះ គឺជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ដែលបានប្រារព្វនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ «គណបក្សមានឈ្មោះដើមថា “បក្សប្រជាជន បដិវត្តន៍ខ្មែរ” ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជន ប្រឆាំងអាណានិគមនិយម ដើម្បីឯករាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយ ចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម»។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ា មួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្តារកសាង ប្រទេសឡើងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម»។
សម្តេចបានបន្ថែមទៀតថា៖ «យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វ សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម ទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងរហូត»៕









