2025-06-27 10:10
6

ប្រទេសចិនបានបង្ហាញ ដ្រូន (drone) ដែលយើងស្ទើរតែមិនអាចមើលឃើញដោយភ្នែកទទេបានទេ។ វាមានរាងតូចល្អិតស្រដៀងមូស មានទំហំ ០.៦ សង់ទីម៉ែត្រ រចនាឡើងសម្រាប់ប្រតិបត្តិការយោធាសម្ងាត់ និងចារកម្ម។

ឧបករណ៍ខ្នាតតូចនេះ មានស្លាបពីរ រាងកាយបញ្ឈរពណ៌ខ្មៅ និងជើងស្តើងមានសក់ចំនួនបី រចនាឡើងដើម្បីឲ្យស្រដៀងនឹងសត្វមូស ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ (NUDT) ក្នុងខេត្តហ៊ូណាននៃប្រទេសចិន។

មុខងារនៃដ្រូនខ្នាតតូចល្អិតបែបជីវសាស្ត្រនេះ គឺស័ក្តិសមជាពិសេសសម្រាប់ការឈ្លបយកការណ៍ព័ត៌មាន និងបេសកកម្មពិសេសនៅលើសមរភូមិ។ 

ហើយចំពោះសក់ចំនួនបីដែលនៅលើក្បាលឧបករណ៍នេះ មានសមត្ថភាពបំពេញបេសកកម្មយោធា និងស៊ីវិលយ៉ាងទូលំទូលាយ។ 

រីឯមុខងារនៃស្លាបរបស់វា ត្រូវបានបំពាក់ដោយកាមេរ៉ា និងមីក្រូហ្វូនដែលមានទំហំតូចបំផុត ដើម្បីចាប់យករូបភាព សំឡេង និងសញ្ញាអេឡិចត្រូនិក ហើយជាមួយនឹងទំហំតូចរបស់វា ធ្វើឲ្យវាស្ទើរតែមិនអាចមើលឃើញដោយភ្នែកទទេ និងមានសមត្ថភាពហោះហើរពីប្រព័ន្ធរ៉ាដាធម្មតា ដោយមិនមានការរកឃើញនោះទេ។

ទន្ទឹមនឹងគុណសម្បត្តិនៃមុខងារដ្រូនតូចល្អិតនេះ វាក៏អាចប្រឈមនឹងផលវិបាកផងដែរ ប្រសិនជា វាត្រូវបានមនុស្សយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានណាមួយ។ 

ដោយក្នុងនោះ អ្នកស្រាវជ្រាវម្នាក់ បានប្រាប់កាសែត The Telegraph ថា "ប្រសិនបើប្រទេសចិនអាចផលិតយន្តហោះគ្មានមនុស្សបើកដែលមានទំហំស្រដៀងមូសនេះ វាទំនងជានឹងមានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់វាសម្រាប់ការងារស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ផ្សេងៗ ជាពិសេសនៅកន្លែងដែលយន្តហោះគ្មានមនុស្សបើកធំៗពិបាកចូលប្រើប្រាស់ ដូចជាតំបន់ក្នុងផ្ទះជាដើម។" "ដោយយន្តហោះគ្មានមនុស្សបើកទាំងនេះអាចប្រើដើម្បីតាមដានបុគ្គល ឬស្តាប់ការសន្ទនាបាន។"

បន្ថែមពីនេះ លោក Timothy Heath អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិបានព្រមានថា មីក្រូដ្រូននេះ អាចត្រូវបានកេងប្រវ័ញ្ចដោយឧក្រិដ្ឋជន ដែលស្វែងរកការលួចព័ត៌មានផ្ទាល់ខ្លួន រួមទាំងពាក្យសម្ងាត់ ឬជ្រៀតចូលអាជីវកម្មទៀតផង៕