2025-06-14 17:26
25

ស្របពេលដែលកម្ពុជានៅតែប្រកាន់ជំហរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយថៃ ជាពិសេសគឺការដែលរដ្ឋាភិបាលនៅតែប្រកាន់ភាពមុតមាំក្នុងការលើកយកប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ជាការឆ្លើយតបនឹងការដែលកម្ពុជានឹងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថៃបានធ្វើការគម្រាមគំហែងក្នុងការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី សេវាអ៊ីនធឺណេតនិងសម្រេចបិទច្រកព្រំដែនដោយឯកតោភាគីមកលើកម្ពុជាក្នុងគោលបំណងចង់ឲ្យកម្ពុជា មានការទ័លច្រកជុំវិញនូវបញ្ហាដែលកំពុងកើតឡើងយ៉ាងក្ដៅគគុកនេះ។

ឆ្លើយតបទៅនឹងការគម្រាមគំហែងរបស់ថៃ ថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេចក្នុងការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណេតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើការទិញពីប្រទេសថៃទៀតនោះទេ។

រីឯពាក់ព័ន្ធនឹងការដែលថៃសម្រេចបិទច្រកព្រំដែនជាឯតោភាគីនោះ យោងតាមការបង្ហោះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច តេជោ ហ៊ុនសែន កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះ បានធ្វើការត្រៀមដាក់ចេញនូវវិធានការចំនួន ៦ចំណុច ឆ្លើយតបទៅកាន់ថៃវិញដោយ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បន្ថែមលើនេះ តាមការចេញសេចក្ដីជូនដំណឹងពីក្រសួងព័ត៌មាន ក៏បានប្រកាសឲ្យឈប់មានការចាក់ផ្សាយនូវរាល់ខ្សែភាពយន្តថៃ នៅគ្រប់ប៉ស្តិ៍ទូរទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លើសពីនេះបើយោងទៅតាម ការអះអាងពីអាជីវករមួយចំនួន ដែលស្ថិតនៅច្រកព្រំដែនកម្ពុជា-ថៃ នោះ បានឲ្យដឹងថា បន្ទាប់ពីថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីដោយមិនបានផ្ដល់ដំណឹងមកកម្ពុជាមុនបែបនេះ បានធ្វើឲ្យទំនិញជាច្រើនរបស់ថៃមានការកកស្ទះយ៉ាងខ្លាំង ដោយមិនដឹងថាត្រូវដឹកចេញទៅលក់នៅទីណា ព្រោះទំនិញថៃនាំមកកម្ពុជាច្រើនជាងកម្ពុជានាំចេញទៅថៃ ជាហេតុបង្កឲ្យថៃមានការខាតបង់អស់ជាច្រើនលានដុល្លារ។ ម្យ៉ាងវិញទៀត សូម្បីតែពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃភាគច្រើន ក៏បាននាំគ្នាឆ្ពោះមកមាតុភូមិកម្ពុជាវិញ បណ្ដាលឲ្យថៅកែនៅប្រទេសថៃជាច្រើនមានការវឹកវរព្រោះខ្វះពលករធ្វើការនៅទីកន្លែងរបស់ពួកគេ។

ជុំវិញនៃការវិលចូលមាតុភូមិវិញរបស់ពលករខ្មែរ នាថ្ងៃទី១៤ មិថុនា នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ហ៊ុន ម៉ាណែត ក៏បានធ្វើការលើកឡើងដែរថា “ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ។” 

សម្ដេច បានបន្ថែមថា “ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។”

ទោះបីជាយ៉ាងណាក៏ដោយ មិនថាស្ថិតនៅក្នុងស្ថានការណ៍បែបណានោះទេ កម្ពុជានៅតែរក្សានូវសន្តិភាពជានិច្ច ប៉ុន្តែប្រសិនជាភាគីថៃនៅតែបន្តគំរាមគំហែងមកកាន់កម្ពុជា មិនឈប់ឈរនោះ កម្ពុជានៅតែមិនញញើតក្នុងការដាក់វិធានការឆ្លើយតបវិញនោះទេ។ 

ដោយសារតែកម្ពុជាមានការដឹកនាំដ៏ល្អពីសម្ដេចទាំងទ្វេ ពោលគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេចទាំងទ្វេ តែងតែមានការគិតគូយ៉ាងដិតដល់ទៅដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសគឺបងប្អូនដែលនៅតាមតំបន់ព្រំដែន និងពលករខ្មែរដែលធ្វើការនៅប្រទេសថៃ សម្ដេចនៅតែយកចិត្តទុកដាក់ និងមិនទុកប្រទេសក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូបឲ្យនៅឯកោ ក្នុងស្ថានភាពដែលកំពុងតែមានការក្ដៅគគុកបែបនេះនោះទេ៕