2025-06-14 11:17
22

ភ្នំពេញ ៖ យុវជនម្នាក់ នឹងនារីម្នាក់ទៀតជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តសេរីទំនើបបណ្តាលរបួសធ្ងន់ នឹងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតនៅក្រោមស្តុប ព្រះសក្យមុនិចេតិយ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KV-5283 បើកបរដោយបុរសម្នាក់ឌុបនារីម្នាក់ទៀតបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ពីកើតទៅលិចក្នុងល្បឿនលឿន ខណះធ្វើដំណើរដល់ឆ្លងផ្លូវជាបំបែកបានបំពានភ្លើងស្ដុប ក៏ជ្រុលទៅបុករថយន្ត Mercedes ពាក់ផ្លាក់លេខ2BK 3697ពណ៌ស១គ្រឿង ដែលកំពុងបើកបរឆ្លងមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យនារីម្នាក់ប្លោងទៅបុកកញ្ចក់រថយន្តរងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ។តាមប្រភពពីម្ចាស់ម៉ូតូដែលបានមកកាន់ទីតាំងកើតហេតុ ប្រាប់ឲ្យដឹងថាម៉ូតូខាងលើជារបស់គាត់ ត្រូវបានមិត្តស្រីរបស់គាត់ខ្ចីជិះសិន គាត់ក៏បានប្រគល់ម៉ូតូឲ្យនាងខ្ចី មិននឹកស្មានថា បែជាយកទៅអោយបុរសផ្សេងឌុបដើរលេង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។

សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕