2025-06-14 12:06
30

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាមានចំនួន ៥នាក់ និងថៃមានចំនួន ៥នាក់ មុននឹងមានដំណើរការនៃកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។

ក្នុងកិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា មានការដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃគឺ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះប្រាសាទព្រះវិហារ។

ពេលនេះផងដែរ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) បានមកដល់ទីក្រុងភ្នំពេញហើយ រួមជាមួយនឹងគណៈប្រតិភូថៃដើម្បីចូលរួមកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។ ឃើញថាខណៈនេះកិច្ចប្រជុំកំពុងតែមានការប្រព្រឹត្តិទៅដោយរលូន បើទោះបីជាភាគីថៃបានមកយឺត មួយម៉ោងកន្លះយ៉ាងណាក៏ដោយ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហោះឲ្យដឹងថា ចំពោះកិច្ចប្រជុំ JBC នាព្រឹកថ្ងៃនេះ នឹងមានការលើកយកបញ្ហាចំនួន ២ មកពិភាក្សានៅក្នុងកិច្ចប្រជុំគឺ៖

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។  

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ៕