
រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn បានលើកឡើងនៅថ្ងៃសុក្រនេះថា ៖ «រាជរដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិបង្ខំពលករខ្មែរកំពុងធ្វើការងារនៅប្រទេសថៃ ឱ្យត្រឡប់មកកម្ពុជាវិញទេ»។ នេះបើយោងតាមការផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៣ ខែមិថុនានេះ។
លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា៖ «ពលករខ្មែរចំណាកស្រុកនៅថៃមានប្រមាណ ៥០ម៉ឺននាក់ ប៉ុន្តែប្រទេសថៃនឹងអាចទទួលបានពលករពីបណ្តាប្រទេសផ្សេងមកជំនួស ប្រសិនបើពួកគេទាំងអស់ចាកចេញទៅកម្ពុជាវិញ»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ ក្នុងនាមប្រធានបក្សកាន់អំណាច សម្តេចបានផ្តល់យោបល់ ចំនួន ០៦ចំណុចទៅឲ្យរដ្ឋាភិបាលត្រូវធ្វើក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី ក្នុងនោះចំណុចទី៤ បានបញ្ជាក់ថា៖ «ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន»។
ក្រៅពីនេះ នៅយប់ថ្ងៃព្រហស្បតិ៍ ១២មិថុនាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា «កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ»៕



