2025-06-13 15:44
21

ភ្នំពេញ៖ មានប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ តែប៉ុណ្ណោះ មិនព្រមទទួលយកសំណងផលប៉ះពាល់ ដែលទឹកប្រាក់សរុបជាង ៣លាន ៣សែនដុល្លារអាមេរិក ដែលរងផលប៉ះពាល់ការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយពួកគាត់ទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។

រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះមកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា «គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង»។

ពាក់ព័ន្ធការបង្ហោះព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស»។

អនុវត្តតាមគម្រោងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែបងប្អូនប្រជា ពលរដ្ឋ ចំនួន ០៣ គ្រួសារ តែប៉ុណ្ណោះ ហើយកន្លងមកក្រុមការងារបានអញ្ជើញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន ០៣ គ្រួសារនេះ មកធ្វើការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគាត់ នៅតែមិនទាន់ទទួលយកសំណងពីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់នោះទេ។

ប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ដែលអាជ្ញាធរអះអាងថា មិនព្រមទទួលយកសំណង់ប៉ះពាល់នោះរួមមាន៖ ទី១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន)។ ទី២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង ទី៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន) សំណងផលប៉ះពាល់នេះ ពួកគាត់មិនព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ជូនសាធារណជនថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះមកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែត បណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នេះឡើយ។ 

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ នៅតែទុកលទ្ធភាពជូនពួកគាត់បើពិនិត្យឃើញថាចំនួនទឹកប្រាក់នៃការផ្តល់សំណងនេះមិនសមស្របនោះ អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីបន្ត ទៀតបាន ទោះបីជាពួកគាត់ទទួលបានសំណងពីគណៈកម្មការអន្តរក្រសួង ឬក៏ក្រោយពេលស្ពានត្រូវបានសាងសង់បញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់ក៏ដោយ។ 

សូមបញ្ជាក់ថា ចំពោះសំណងផលប៉ះពាល់គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់រក្សាទុកជូនពួកគាត់នៅពេលដែលពួកគាត់មកទទួលសំណងនេះ ពេលណាក៏បាន។ ទន្ទឹមនេះ ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យបញ្ចប់ និងឈានទៅដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋទាំងអស់នោះ ស្នើបងប្អូនប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ខាងលើ អញ្ជើញមកទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង៕