2025-06-10 14:44
24

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា៖ «ទង្វើរបស់បុគ្គល អែម ពិសិដ្ឋ ដែលបានក្លែងធ្វើជាទាហានជួរមុខថតបង្ហោះលើបណ្តាញសង្គមវាយប្រហារលើប្រទេសជាតិខ្លួនឯង បានធ្វើឱ្យប៉ះពាល់ដល់កងទ័ព ខុសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវមានវិធានការតាមផ្លូវច្បាប់ មិនអាចលើកលេងឱ្យបានឡើយ»។ 

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា៖ «នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ “Amy Richard310” និងហ្វេសប៊ុកឈ្មោះ “Piseth PG EM” ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ»។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានពញ្ជាក់ថា៖ «បុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេ គឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម»។

«ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយកឧត្តមសេនីយ៍ ឈុំ សុជាត។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕