2025-06-11 12:56
30

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស(ឆ្កឹះបង្អួច ចូលបន្ទប់ដេក ជាន់ទី២ រួចចុះចូលទៅបន្ទប់ ជាន់ទី១ លួចយកគ្រឿងអលង្ការ) កើតហេតុនៅមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ កង សំរេច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ 
ជនរងគ្រោះ ឈ្មោះ ស្រី ធារ៉ា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនគារព្រីន ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវបេតុង១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ស្រី ធារ៉ា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្ត រួមដំណើរជាមួយក្រុមគ្រួសារ ចេញពីផ្ទះស្នាក់នៅ(ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់) ទៅដើរលេងនៅមុខវាំង ដល់យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដដែល វេលាម៉ោងប្រហែល២០ និង៣០នាទី ជនរងគ្រោះ និងក្រុមគ្រួសារ បានត្រឡប់មកដល់ផ្ទះស្នាក់នៅវិញ ក៏អង្គុយលេងនៅក្នុងផ្ទះ ជាន់ផ្ទាល់ដី លុះដល់វេលាម៉ោងប្រហែល២២ និង០០នាទី(ថ្ងៃដដែល) ជនរងគ្រោះបានដើរឡើងចូលដល់ក្នុងបន្ទប់ដេក ជាន់ទី១(របស់ជនរងគ្រោះ) ក៏ឃើញសម្ភារៈ រាយប៉ាយពេញក្នុងបន្ទប់(ត្រូវបានរើកកាយ) រួចជនរងគ្រោះ ក៏ពិនិត្យមើលកូនកាបូប(ដែលទុកនៅលើតុ) ឃើញបាត់គ្រឿងអលង្ការ ១,ចិញ្ចៀនប្លាទីន ០១វង់(តម្លៃ១៥០ដុល្លា) ២,កងដៃបា្លទីន ចំនួន០១កង(តម្លៃ១៥០ដុល្លា) ៣,នាឡិកាដៃ ចំនួន០១គ្រឿង(តម្លៃ២០០ដុល្លា) បន្ទាប់មក ជនរងគ្រោះ ក៏ឡើងចូលទៅក្នុងបន្ទប់ដេក ជាន់ទី២ ឃើញសម្ភារៈ រាយប៉ាយពេញក្នុងបន្ទប់ទៀត ពិនិត្យមើល ពុំឃើញមានបាត់សម្ភារៈអ្វីទេ តែឃើញបង្អួចខាងមុខ របើកគន្លឹះ(ត្រូវបានឆ្កឹះបើក) ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ បានចុះដល់ផ្ទះ(កើតហេតុ) សហការជាមួយជនរងគ្រោះ ត្រួតពិនិត្យក្នុងផ្ទះ(កើតេហតុ) រួច លុះដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ និងផ្នែកជំនាញ បានបន្តស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ កង សំរេច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចតាមផ្លូវ(សង្កាត់អូរបែកក្អម) យកមកសាកសួរ ជនសង្ស័យឈ្មោះ កង សំរេច បានសារភាពនូវសកម្មភាព ពិតជាបានធ្វើសកម្មភាព ឡើងផ្លោះចូលក្នុងវេរ៉ង់ដាផ្ទះលេខ១២៣(របស់ជនរងគ្រោះ) បើកបង្អួច បន្ទប់ជាន់ទី២ រួចចុះចូលទៅក្នុងបន្ទប់ដេក ជាន់ទី១ លួចយកបានគ្រឿងអលង្ការមួយចំនួន(ខាងលើ របស់ជនរងគ្រោះ) និងអាយផេត០១គ្រឿង កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ប្រាកដមែន ។     

ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យ ទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀន) ។

ជនសង្ស័យ  កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕