2025-06-11 13:00
33

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ចំនួន ២ខណ្ឌ គឺខណ្ឌចំកាមន និងខណ្ឌ៧មករា បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម ករណីឆក់ ចំនួន ០៨ លើក ក្នុងរាជធានីភ្នំពេញ។ 

ក្រុមជនសង្ស័យទាំងនេះមានល្បិចខ្ពស់ចេះប្រើប្រាស់ថង់ផ្លាស្ទិកវិចទូរសព្ទផ្ដាច់ប្រព័ន្ធ GPS ទូរសព្ទរបស់រងគ្រោះទៀតផង។
តាមប្រភពបានឱ្យដឹងថា សមត្ថកិច្ចផ្នែកជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ក្រោយក្រុមជនសង្ស័យ ធ្វើសកម្មភាពកាលពីរសៀល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយឆក់ទូរសព្ទដៃប្រជាពលរដ្ឋ នៅចំណុច មុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ០៣នាក់ រួមមាន៖ ឈ្មោះ ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ, ឈ្មោះ សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ពូកគេជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារ) និងបានធ្វើសកម្មភាពឆក់ ចំនួន ០៨ករណី។

សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដកហូតបានរួមមាន ទូរសព្ទដៃ ចំនួន ០៤ គ្រឿង, ⁠Ipad ០១ គ្រឿង, ⁠ម៉ូតូ ០២ គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធី៕