
ដូចដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណី «តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី» ត្រូវបានបង្កើតចេញជារូបរាងហើយ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា៖ «គណៈកម្មការនេះមានភារកិច្ចពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ដើម្បីការពារក្តី ពិនិត្យ និងសម្រេចឯកសារនានា ដែលត្រូវដាក់ទៅតុលាការ ធ្វើការទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)... នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីរបស់យើង»។
លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការ នយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរ និងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល នឹងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្ដែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្ដៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល»៕

_1749620969.jpg)
