
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី០៥ មិថុនា នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ដោយហាមមិនឲ្យជនជាតិនៃប្រទេសចំនួន ១២ ចូលសហរដ្ឋអាមេរិក ដោយលោកនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីការពារប្រឆាំងនឹង "ភេរវករបរទេស" និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត។
ប្រទេសដែលត្រូវបានហាមឃាត់មានដូចជា អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, កុងហ្គោ អេក្វាទ័រហ្គីណេ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយេម៉ែន។ និងប្រទេសចំនួន ៧ ផ្សេងទៀតដូចជា៖ ប៊ូរុនឌី, គុយបា, ឡាវ, សៀរ៉ាឡេអូន, តូហ្គោ, តូមិននីស្ថាន, និងវ៉េណេស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក។
លោក Trump បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើសង្គម X ថា លោកនឹងមិនអនុញ្ញាតឱ្យមនុស្ស ចូលទៅក្នុងប្រទេសរបស់លោកដែលមានបំណងចង់ធ្វើបាបប្រទេសលោកនោះទេ ។ ហើយចំពោះការប្រកាសនេះមានប្រសិទ្ធភាពនៅថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2025 ខាងមុខ៕



