
បើមើលទៅ ច្រកសមុទ្រ ហ័រមុស (Hormuz) គ្រាន់តែជាផ្លូវទឹកតូចចង្អៀត ដែលមានទីតាំងស្ថិតនៅចន្លោះរវាងអ៊ីរ៉ង់ និងអូម៉ង់ប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលយើងត្រូវដឹង ថ្វីត្បិតតែច្រកសមុទ្រនេះមានផ្លូវទឹកតូចចង្អៀតពិតមែន តែអ៊ីរ៉ង់បានកាន់កាប់ខ្សែបណ្ដាញដឹកប្រេងឥន្ធនៈរបស់ពិភពលោក ដែល ១/៥ នៃប្រេងពិភពលោកជាង ២០លានបារ៉ែលក្នុងមួយថ្ងៃត្រូវ បានឆ្លងកាត់ច្រកសមុទ្រ ហ័រមុស (Hormuz) នេះ។
ហើយកាលពីថ្ងៃទី២២ មិថុនា ម្សិលមិញនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកមកលើទីតាំងនុយក្លេអ៊ែរចំនួនបីរបស់ខ្លួន អ៊ីរ៉ង់បានគម្រាមថានឹងបិទច្រកសមុទ្រ ហ័រមុស (Hormuz) ជាឯកច្ឆន្ធតែម្ដង។
ប្រសិនបើអ៊ីរ៉ង់ ធ្វើបែបនេះពិតមែន នោះតម្លៃប្រេងឆៅពិភពលោកអាចឡើងដល់ ១៥០-២០០ ដុល្លារក្នុងមួយបារ៉ែល។ ហើយតម្លៃឧស្ម័ននឹងកើនឡើង រីឯទីផ្សារភាគហ៊ុនអាចធ្លាក់ចុះ បន្ទាប់មកវិបត្តិសេដ្ឋកិច្ចសកលអាចនឹងកើតមានឡើង។
ប៉ុន្តែប្រសិនរឿងនេះកើតឡើងមែន នោះកងទ័ពជើងទឹកអាមេរិក នឹងមានវត្តមានយ៉ាងរឹងមាំនៅក្នុងតំបន់ ដោយត្រៀមរួចរាល់ដើម្បីទប់ស្កាត់រឿងនេះកុំឲ្យកើតឡើង ដែលនេះអាចឈានដល់ជម្លោះយោធា ឬសង្គ្រាមទ្រង់ទ្រាយធំ នេះមិនមែនត្រឹមតែជាផ្លូវទឹកជិតរបងផ្ទះអ៊ីរ៉ង់ទេ តែវាក៏ជាខ្សែជីវិតថាមពលរបស់ពិភពលោក ហើយប្រសិនបើវាត្រូវបិទជាឯកច្ឆន្ធដោយអ៊ីរ៉ង់ពិតមែន នោះពិភពលោកនឹងប៉ះពាល់ជាមិនខាន៕
