
នាថ្ងៃទី២២ មិថុនា ឆ្នាំ២០២៥ នេះ អាមេរិកបានបញ្ជាយន្តហោះចម្បាំង Air Force B-2 របស់ខ្លួន វាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗជាច្រើន។ លើសពីនេះ លោក ត្រាំ ក៏បានព្រមានអ៊ីរ៉ង់ន្ថែមថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើគោលដៅបន្ថែម ប្រសិនបើអ៊ីរ៉ង់មិនបង្កើតសន្តិភាព។
បន្ទាប់ពី អាមេរិកហ៊ានលូកដៃចូលរួមសង្គ្រាមដ៏ក្ដៅគគុករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលបែបនេះ តើរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រួមទាំងមហាអំណាចចិន អាចឈរអោបដៃនៅស្ងៀមដែរឬទេ?
ម្យ៉ាងវិញទៀត សូម្បីតែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ធ្លាប់បានប្រកាសព្រមានទៅដល់អាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបកុំឲ្យលូកដៃចូលជួយអ៊ីស្រាអែលដែរ ដើម្បីកុំឲ្យកម្ដៅសង្គ្រាមកាន់តែផ្ទុះឡើង។
ប៉ុន្តែប្រសិនជា អាមេរិកសម្រេចចូលប្រឡូកក្នុងសង្គ្រាមនេះហើយ តើប្រទេសមហាអំណាចផ្សេងទៀតនឹងមានវិធានការយ៉ាងណា?
គួរឲ្យដឹងផងដែរថា បន្ទាប់ពីអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បណ្ដាមេដឹកនាំមួយចំនួនរបស់ពិភពលោកបានចេញមកថ្កោសទោសអាមេរិកនិងមានការអំពាវនាវឲ្យឆ្ពោះទៅរកកាទូត ដើម្បីកុំឲ្យបង្កវិនាសកម្មទៅដល់ជនស៊ីវិលផ្សេងទៀត រួមទាំងពិភពលោកផងដែរ៕