2025-06-23 13:24
17

បន្ទាប់ពីរក្សានូវភាពស្ងៀមស្ងាត់ជាយូរ ពេលនេះ កូរ៉េខាងជើងបានចេញមុខប្រកាសចោទអាមេរិក និងអ៊ីស្រាអែលថា បានបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបានអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើទង្វើរបស់អាមេរិក និងអ៊ីស្រាអែល។

យោងតាមការចេញផ្សាយពីគេហទំព័រ INDIA TODAY នាថ្ងៃទី២៣ មិថុនា នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើផលប្រយោជន៍សន្តិសុខ និងសិទ្ធិដែនដីរបស់រដ្ឋ។ 

ក្នុងនោះក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាពិរុទ្ធជននៃភាពតានតឹងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដែលកើតចេញពី ចលនាសង្រ្គាមឥតឈប់ឈរ និងការពង្រីកទឹកដី របស់ទីក្រុងហ្សេរុយសាឡឹម ដែលទទួលយក និងលើកទឹកចិត្តដោយលោកខាងលិច។

គួរឲ្យដឹងថា បន្ទាប់ពីអាមេរិកបញ្ជាយន្តហោះ Air Force B-2 វាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួនបីរបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃទី២១ មិថុនា កន្លងទៅ បានធ្វើឲ្យរង្គើទៅដល់ប្រទេសមហាអំណាចមួយចំនួនចេញមុខមកថ្កោសទោសអាមេរិកក្នុងនោះរួមមាន រុស្ស៊ី ចិន ប៉ាគីស្ថាន វេណេហ្ស៊ុយអេឡា គុយបា ពេលនេះសូម្បីតែកូរ៉េខាងជើងក៏ចេញមកថ្កោសទោសអាមេរិកដែរ។

តើការថ្កោសទោសអាមេរិក ពីបណ្ដាប្រទេសខាងលើអាចធ្វើឲ្យអាមេរិករង្គើដែរឬទេ? ហើយតើអាមេរិកអាចប្ដូរចិត្ត ក្នុងការដកខ្លួនពីភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែរឬយ៉ាងណា?