2025-06-05 14:31
22

ថៃ៖   នាវេលាម៉ោង 9:40 នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមបណ្ដាញសិស្សនិស្សិត និងប្រជាជនកំណែទម្រង់ប្រទេសថៃ (កប.ទ.) ដែលដឹកនាំដោយលោក ភីឈីត ឆៃយ៉ាមង្គល (Pichit Chaimongkol) បានធ្វើដំណើរមកដល់ក្រសួងការពារជាតិ ដើម្បីបង្ហាញជំហរ និងទាមទារឱ្យលោក ភូមិធម្ម វេតឆៈយ៉ាឆៃ (Phumtham Wechayachai) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ពន្លឿនការដោះស្រាយបញ្ហានៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ដើម្បីឱ្យមានសន្តិភាព និងរបៀបរៀបរយឱ្យបានឆាប់រហ័ស។

យោងតាមការចេញផ្សាយពីសារព័ត៌មានថៃក្នងស្រុក Naewnanews នាថ្ងៃទី០៥ មិថុនា នេះបានឲ្យដឹងថា ក្រុម កប.ទ. បានលើកឡើងថា កងទ័ពថៃត្រៀមខ្លួនរួចទៅហើយ ទោះបីជាក្រុមពួកគេនៅរក្សាភាពស្ងៀមក៏ដោយ ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធតតាំងនេះ ។ សារព័ត៌មាននេះបានចុះផ្សាយទៀតថា ប្រទេសថៃមានកម្លាំងយោធាខ្លាំងជាងកម្ពុជា  ប៉ុន្តែកន្លងមក ភាគីនយោបាយជាអ្នកដឹកនាំ ហើយកងទ័ពក៏បានផ្ដល់កិត្តិយសដល់ភាគីនយោបាយដែរ។ ដូច្នេះថ្ងៃនេះដល់ពេលដែលភាគីនយោបាយត្រូវផ្ដល់កិត្តិយសឱ្យកងទ័ពធ្វើការសម្រេចចិត្ត។ ក្រុម កប.ទ. ក៏ជឿជាក់ថា ផែនការដែលកងទ័ពបានស្នើទៅរដ្ឋាភិបាលមានច្រើនចំណុច ប៉ុន្តែត្រូវបានបដិសេធ។ លើសពីនេះ ពួកគេយល់ឃើញថា បន្ទាប់ពីកិច្ចប្រជុំ JBC នៅថ្ងៃទី ១៤ ខែមិថុនានេះ អាចនឹងកើតមានស្ថានការណ៍ហិង្សា។

ដូច្នេះហើយ ទើបបានជាក្រុម កប.ទ. បានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខជាតិឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែនថៃ-កម្ពុជា៕