2025-06-05 10:30
19

តាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី០៥ មិថុនា នេះបានឲ្យដឹងថា ពាណិជ្ជកម្មឆ្លងព្រំដែនរវាងថៃ និងកម្ពុជា នៅតែមានដំណើរការដូចធម្មតាដោយមិនមានផលប៉ះពាល់អ្វីឡើយ បើទោះបីជាកាលពីពេលថ្មីៗនេះ កម្ពុជានិងថៃទើបតែមានការប៉ះទង្គិចគ្នានៅតំបន់មុំបីយ៉ាងណាក៏ដោយ។

លោក Jiraphant Asvatanakul អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តពាណិជ្ជកម្មព្រំដែន និងឆ្លងព្រំដែនបាននិយាយថា សកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសថៃនិងកម្ពុជាកំពុងបន្តដូចធម្មតា។ 

ដោយពាណិជ្ជកម្មភាគច្រើនហូរកាត់ស្រុកអារញ្ញខេត្តស្រះកែវ ដែលសម្រួលដល់ការនាំចេញទៅកម្ពុជាបន្តទៅវៀតណាម និងចិន។ 

បើទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខខ្លះក៏ដោយ ក៏លោកបាននិយាយថា ពាណិជ្ជកម្មនៅតែមិនមានការរំខាន។ លោក Jiraphant បានបន្តថា "ពាណិជ្ជករមិនព្រួយបារម្ភទេ ពីព្រោះពួកគេជឿថាទំនាក់ទំនងសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ"។ ហើយ "ជម្លោះនេះមិនត្រូវបានគេរំពឹងថានឹងនាំឱ្យមានការខូចខាតទេ ពីព្រោះការនាំចេញមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចនៅពេលនេះ"។

 អនុប្រធានសភាពាណិជ្ជកម្មថៃខាងលើបានបន្ថែមថា ថៃនាំចូលវត្ថុធាតុដើមដូចជាកសិផលពីកម្ពុជា ហើយពលករខ្មែរដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផលទុរេន។ 

ទាក់ទងនឹងការព្រួយបារម្ភពីការកើនឡើងជាតិនិយម ដែលប៉ះពាល់ដល់ម៉ាកយីហោថៃ លោកថា ប្រជាជនកម្ពុជាជឿជាក់លើគុណភាពផលិតផលថៃ។ ដរាបណាក្រុមហ៊ុនថៃផ្តល់អាទិភាពលើគុណភាព លោក Jiraphant បានបន្តទៀតថា ពួកគេមិនគួរប្រឈមមុខនឹងបញ្ហាសំខាន់ៗនៅក្នុងប្រទេសកម្ពុជានោះទេ ដោយហានិភ័យចម្បងចំពោះពាណិជ្ជកម្មតាមព្រំដែនគឺការធ្លាក់ចុះនៃអំណាចទិញ៕