
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពដ៏អង្គអាច និងក្លាហានរបស់កងទ័ព និងកងនគរបាលជាតិរបស់យើង និងគ្រប់កងកម្លាំងទាំងអស់ដែលកំពុងត្រៀម និងឈរជើងគ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាព និងបរណភាពទឹកដីរបស់យើងនៅតាមបន្ទាត់ព្រំដែន ជាពិសេសកម្លាំងឈជើងនៅទិសភូមិភាគទី៤ ខេត្តព្រះវិហារ និងឧត្តមានជ័យតែម្តង។
ការថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់កម្លាំងរបស់កម្ពុជា របស់ប្រមុខរដ្ឋាភិបាល បានធ្វើឡើងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានដឹកនាំសមាជ។
ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ៕

