
ភ្នំពេញ៖ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាព្រឹកថ្ងៃច័ន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា៖ «អំពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសនៅទិសយោធភូមិភាគទី៤ មានខេត្តព្រះវិហារ និងឧត្តមមានជ័យ»។
សម្ដេចធិបតីមានប្រសាសន៍ថា៖ «ក្នុងពេលថ្មីៗនេះ ស្ថានភាពតំបន់ព្រំដែនបានឈានដល់ចំណុចក្តៅនៅ “តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច” ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចរុញច្រានឱ្យប្រទេសទាំងពីរកើតកំដៅ និងអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «បញ្ហានេះបានធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា កន្លងមកនេះ ដោយសារការលបវាយឆ្មក់របស់កងទ័ពថៃលើលេណដ្ឋានកងទ័ពកម្ពុជា ដែលឈរជើងតាំងយូមកហើយក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បណ្តាលឱ្យយោធិនយើងមួយរូបត្រូវបានពលីកម្មក្នុងការប៉ះទង្គិចគ្នានោះ គឺ ព្រឹន្ទបាលឯក សួន រ៉ោន និងបន្តកើតឡើងកំដៅនៅតំបន់ប្រាសាទតាមាន់ តាក្របី និងប្រាសាទមួយចំនួន ដែលអានឈានដល់ការប្រឈមមុខដាក់គ្នាសារជាថ្មីម្តងទៀត»។
សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «ទោះបីជារាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្យាយាមទប់ស្កាត់ ដើម្បីកុំឱ្យមានការកើតឡើងកំដៅយ៉ាងណាក៏ដោយ ប៉ុន្តែកំដៅនៅកើតឡើង ខណៈទំនាក់ទំនងនៅតាមព្រំដែនរក្សាបានស្ថានភាពល្អប្រសើរក៏ដោយ។ ផ្ទុយទៅវិញ ក្រុមជ្រុលនិយមមួយចំនួនបន្តឆ្លៀតឱកាសយកបញ្ហាព្រំដែនដុតកំដៅជាប្រចាំ ដើម្បីបង្កឱ្យមានជម្លោះកាន់តែខ្លាំង។ រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្នែកលើបច្ចេកទេស និងច្បាប់អន្តរជាតិ»។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាព្រំដែនដ៏រសើបនេះ រាជរដ្ឋាភិបាលបានសម្រេចគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ទី១) រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនបន្តការវាស់វែងខណ្ឌសីមាន និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ប្រគល់ភារកិច្ចឱ្យគណៈកម្មការព្រំដែនចម្រុះត្រៀមដាក់ចូលក្នុងរបៀបវីរៈនៃកិច្ចប្រជុំ JBC ពាក់ព័ន្ធបញ្ហាយកប្រាសាទតាមាន់ធំ ស្រសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីដាក់ទៅតុលាការអន្តរជាតិ (IJC) ដើម្បីពន្លត់បញ្ហានេះជាជាងអង្គុយបក់ផ្សែង»។
ប្រមុខរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាភាគីថៃនឹងឯកភាព ដើម្បីរួមគ្នាយកបញ្ហានេះ ទៅកាន់តុលាការអន្តរជាតិ នៅក្នុងស្មារនីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នា ដើម្បីបញ្ចប់ជម្លោះ និងបញ្ចៀសបញ្ហាកុំឱ្យក្លាយទៅជាការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធសារជាថ្មី ដោយសារភាពមិនច្បាស់អំពីព្រំដែន ក៏ដូចជា MOU ឆ្នាំ២០០០។
សូមជម្រាបថា សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ មានរបៀបវារៈចំនួន ៣ គឺ៖ ទី១- ការពិភាក្សា និងអនុម័ត លើប្រធានបទប្រព័ន្ធគាំពារសង្គម, ទី២- ការពិភាក្សា និងអនុម័តអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣- ការពិភាក្សា និងអនុម័តលើវិស័យកសិកម្ម។ ក្នុងសមាជនេះវត្តមានសមាជិកសមាជិការព្រឹទ្ធសភាដែលបានចូលរួម មានចំនួន ៦១ អង្គរូប និងសមាជិកសមាជិការដ្ឋសភា ចំនួន ១២១ អង្គរូប ក្រោយអធិបតីដ៏ខ្ពស់ខ្ពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានអង្គសមាជ៕

