
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា នាថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥ នេះ ចេញសារដើម្បីចូលរួមអបអរសាទរខួបទី៧៦ ការប្រារព្វទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ៖ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»
សម្តេចធិបតីបានលើកឡើងថា៖ «ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព»។
ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញនូវឆន្ទៈ មោះមុតនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឱ្យ បងប្អូនជនរួមជាតិយើង រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ កុមារនៅកម្ពុជា»។
ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «បញ្ឈប់អំពើ ហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។
បច្ចុប្បន្ន រាជរដ្ឋាភិបាល បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត៕




