
ហ្សាការតា៖ នាថ្ងៃទី០១ មិថុនា នេះ អាជ្ញាធរឥណ្ឌូនេស៊ីនឹងនៅតែបន្តស្វែងរកមនុស្សចំនួន ៨ នាក់ទៀត ដែលបានជាប់នៅក្នុងការបាក់ផ្ទាំងថ្មនៅឯកន្លែងយកថ្មមួយកន្លែងនៅកោះជ្វាខាងលិច ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧ នាក់ និង ៦ នាក់ទៀតរងរបួស នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Basarnas ។
យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី០១ ខែមិថុនា នេះបានឲ្យដឹងថា ទីភ្នាក់ងារខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថាចំនួនអ្នកស្លាប់ ដូចដែលបានរាយការណ៍ដោយក្រុមគ្រួសារជនរងគ្រោះគឺជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ។
គួរឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ មានការបាក់ស្រុតផ្ទាំងថ្មនៅកន្លែងយកថ្មមួយនៅទីក្រុង Cirebon ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយពេលនេះ ក្រសួងថាមពល និងធនធានរ៉ែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុនៃការបាក់ស្រុត និងធ្វើការវាយតម្លៃដើម្បីកំណត់អត្តសញ្ញាណដែលអាចកើតមានចំពោះការបាក់ដីបន្ថែមទៀត។
រីឯប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ក្រសួងលោក Muhammad Wafid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ទីក្រុង Cirebon Regency ងាយនឹងមានចលនាដី ជាពិសេសនៅពេលដែលទឹកភ្លៀងមានលើសពីធម្មតា ខណៈពេលដែលតំបន់នៃការបាក់ស្រុតមានជម្រាលជ្រោះ។
លោក Wafid បានបន្តថា វិធីសាស្ត្រដែលមានការអន់ថយក្នុងការប្រើនៅក្នុងតំបន់រុករករ៉ែបើកចំហ និងទីជម្រាលចោទក៏ជាដើមហេតុដែលនាំឲ្យមានក្នុងការបាក់ស្រុតផងដែរ។
លោកបានបន្ថែមថា ខណៈពេលដែលកំពុងអនុវត្តការជម្លៀស និងកិច្ចខិតខំប្រឹងប្រែងស្វែងរក (អ្នកជួយសង្គ្រោះ) ត្រូវតែយកចិត្តទុកដាក់លើអាកាសធាតុ និងជម្រាលដ៏ចោទ ហើយមិនត្រូវធ្វើសកម្មភាពក្នុងអំឡុងពេលនិងក្រោយភ្លៀងធ្លាក់ខ្លាំងនោះទេ ព្រោះតំបន់នេះនៅតែមានសក្តានុពលសម្រាប់ការរអិលបាក់ដីបន្ថែមទៀតដែលអាចវាយប្រហារ ឬកប់អ្នករុករកបាន៕
