2025-05-28 21:12
77

ព្រះវិហារ៖ សពមន្ត្រីយោធាមួយរូប ដែលបានពលីអាយុជីវិត ដើម្បីការពារទឹកដី ក្នុងព្រឹត្តិការនៃការប៉ះទង្គិចគ្នាដោយចុងអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ «មុំបី» បានដឹកមកដល់លំនៅឋានរបស់លោកដើម្បីរៀបចំធ្វើបុណ្យតាមគន្លងប្រពៃណី។

យុទ្ធជនពលីជីវិត មានឈ្មោះ សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះ​វិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ នៅតំបន់ «មុំបី» ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា អភិបាលរង តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ  បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិ​ត ​ដើម្បីជាតិមាតុភូមិ បានសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រួសារសព។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា៖ «ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់»

ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា៖ «ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះ វាមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោ​យ​សន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»