2025-05-27 17:45
26

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនោះ សម្តេចតេជោ បានស្នើ និងជំរុញដល់ភាគីរុស្ស៊ីបង្កើតការហោះហើរត្រង់ពីទីក្រុងមូស្គូមកកាន់កម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខនេះផងដែរ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការរីករាយ និងស្វាគមន៍ដែលបានជួប ឯកឧត្តម អគ្គរដ្ឋអាជ្ញារុស្ស៊ី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

 សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនាពេលនេះ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ សម្ដេចសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត និយាយជារួម គឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ។ 

សម្ដេចតេជោ ក៏បានសម្ដែងការអបអរសាទរចំពោះឯកឧត្តម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀត លើកក្រុម ណាស៊ី ក្នុងសង្គ្រាមលោកលើកទី២ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Igor Krasnov បានសំដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ ឯកឧត្តម បានជួបសម្ដែងការគួរសម ហើយឯកឧត្តម ក៏បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ពូទីន ផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះសម្ដេចតេជោផងដែរ ។ ឯកឧត្តម ក៏បានរំលឹកប្រសាសន៍របស់ ឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូ ទីន ចំពោះសម្ដេចតេជោ ដោយឯកឧត្តមបានបញ្ជាក់ថា លោកប្រធានាធិបតី ពូ ទីន ចាត់ទុកសម្ដេចតេជោ គឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ។ 

ឯកឧត្តមបានឆ្លៀតជម្រាបជូន សម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនៅកម្ពុជា ដោយ ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ជាពិសេសជួបជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានជជែក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នា ទាក់ទងទៅនឹងវិស័យច្បាប់ និងការបណ្ដុះបណ្ដាល ។ ក្នុងនោះ ឯកឧត្តម បានបញ្ជាក់អំពីការគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកម្ពុជា ក្នុងវិស័យយុត្តិធម៌ ពាក់ព័ន្ធទៅនឹងវិស័យច្បាប់ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប្រទេសរុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំផងដែរ ដែលភាគីទាំងពីរ គ្រោងនឹងធ្វើជាមួយគ្នា ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានផ្ដាំតាមរយៈ ឯកឧត្តមត្រឡប់ទៅវិញ ដោយផ្ញើការសួរសុខទុក្ខចំពោះ ឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូទីន និងផ្ដាំសួរសុខទុក្ខ ឯកឧត្តម ឌីមេទ្រី ម៉េដវេដេវ ដែលជាប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ។ សម្ដេចតេជោ ក៏បានឆ្លៀតរំលេចអំពីគុណបំណាច់របស់រុស្ស៊ី ដោយបញ្ជាក់ថា រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា ។ បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាគុណបំណាច់ដែលសម្ដេចតេជោបញ្ជាក់ថា កម្ពុជា ចងចាំជានិច្ច ។

សម្ដេចតេជោ ក៏បានលើកឡើងផងដែរអំពីការពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ពោល គឺ សម្ដេចបានស្នើ ក៏ដូចជាជំរុញបន្ថែមទៀតឱ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ ហើយសម្ដេចបានបញ្ជាក់ថា នៅពេលដែលរុស្ស៊ី មានជើងហោះហើរត្រង់មកកាន់កម្ពុជា នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនទេសចរណ៍ផងដែរ ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចបន្ថែមដោយឱ្យយកចិត្តទុកដាក់ទៅលើការជំរុញសេដ្ឋកិច្ច ដូចជា ការធ្វើវិនិយោគ ពាណិជ្ជកម្មជាមួយគ្នាឱ្យបានមានការកើនឡើងបន្ថែមទៀត ។ សម្ដេចតេជោ ក៏បានឆ្លៀតតាមរយៈ ឯកឧត្តមអគ្គរដ្ឋអាជ្ញារុស្ស៊ី បានអញ្ជើញឯកឧត្តម ដេមីទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរួបរួម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចនោះ ប្រសិនបើពេលវេលាសមស្របណាមួយដែលអាចថា អញ្ជើញមកកាន់ប្រទេសកម្ពុជាបាន ។ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋអាជ្ញារបស់រុស្ស៊ី បានសន្យាជាមួយសម្ដេចតេជោ ដោយនឹងនាំនូវពាក្យពេចន៍របស់សម្ដេចតេជោដែលបានជជែកគ្នានៅពេលនេះ ជូនចំពោះលោកប្រធានាធិបតីរុស្ស៊ី ផ្ទាល់ ជាពិសេស គឺការសួរសុខទុក្ខ និងជំហររបស់សម្ដេចតេជោ នៅក្នុងការដឹកនាំ ជាពិសេស ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនិងនាំការអញ្ជើញរបស់សម្ដេចតេជោ ទៅកាន់ ឯកឧត្តម ឌីមេទ្រី ម៉េដវេដេវ ដែលជាប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ។

ទាក់ទងទៅនឹងជើងហោះហើរ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏ជម្រាបជូនសម្ដេចតេជោថា នឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់រុស្ស៊ី ធ្វើយ៉ាងណាជម្រុញឱ្យមានការហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជា ឱ្យបានឆាប់ ហើយ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុនហោះហើររបស់រុស្ស៊ី និងសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការហោះហើរត្រង់ ពីរុស្ស៊ី មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់ ដើម្បីធ្វើយ៉ាងណា ជំរុញអ្នកដំណើរ ក៏ដូចជាការដោះដូរទេសចរណ៍រវាងប្រទេសទាំងពីរទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមអគ្គរដ្ឋអាជ្ញារុស្ស៊ី ឱ្យបំពេញទស្សនកិច្ច ក៏ដូចជាស្នាក់នៅប្រទេសកម្ពុជាប្រកបដោយផាសុកភាព៕