2025-05-27 17:51
27

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា៖ «ក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំ និងធ្វើគ្រប់វិស័យផែនការ បច្ចេកទេស ប្រជាជន និងអភិវឌ្ឍន៍ប្រទេស ពិសេសការធានានូវទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ ដែលអាចជឿទុកចិត្តបាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ និងការដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពតាមវិស័យនានា ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ទិន្នន័យគ្រប់គ្រាន់ និងមានគុណភាព ក៏នឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចធ្វើការវាយតម្លៃពីស្ថានភាព ដែលកំពុងកើតមាន ដើម្បីកំណត់ពីបញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាការធ្វើវិភាគ និងការព្យាករណ៍ស្ថានការអនាគត ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់»។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ស្របពេលក្រសួងមុខងារសាធារណៈ និងក្រសួងផែនការ បានសហការរៀបចំសិក្ខាសាលា ស្តីពី៖ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងផែនការ» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា «ដោយសង្កេតឃើញថា ភាពចាំបាច់នៃវិស័យមួយនេះ សម្តេចមហាបវរធិបតី បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ក្នុងការរៀបចំមុខងារគាំទ្រ ដែលមានខ្លឹមសាររួមសម្រាប់គ្រប់ក្រសួង ស្ថាប័ន ដែលធានាសង្គតិភាព នៃការអនុវត្តក្នុងរដ្ឋបាលសាធារណៈជារួម៖ ទី១. មុខងាររដ្ឋបាល និងធនធានមនុស្ស ដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ។ ទី២.មុខងារហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុង ដឹកនាំរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ទី៣. មុខងារផែនការ និងស្ថិតិ ដឹកនាំរៀបចំដោយក្រសួងផែនការ»។ 

ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា «តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ វិទ្យាស្ថានជាតិស្ថិតិ ក៏បានកែសម្រួលទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណង ពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រី ដើម្បីឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងផែនការ ដែលបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងការវិភាគមុខងារ ដើម្បីរៀបចំ និងការអនុវត្តការងាររបស់ក្រសួង ស្ថាប័ន មានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា៖ «ទោះបីជាមិនស្ថិតនៅក្នុងការដ្ឋានកែទម្រង់ទាំង៥ តែក្រសួងផែនការមានតួនាទីយ៉ាងសំខាន់ណាស់ និងមុតស្រួច ដើម្បីឈានទៅដល់ការសម្រេចបាន នៃការចងក្រង រួបរួមឯកភាពទៅលើទិន្នន័យ»៕