2025-05-29 10:07
32

ភ្នំពេញ៖ ទោះបីពេលនេះមិនស្ថិតក្នុងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតាមដាន និងក្តាប់សភាពការណ៍ក្នុងប្រទេសជាប្រចាំអំពីសភាពការណ៍ព្រំដែនដែលមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។ ការចល័តកងកម្លាំង និងអាវុធធន់ធ្ងន់ទៅព្រំដែន គឺការអនុវត្តផែនការបម្រុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ពីប្រទេសជប៉ុន សម្តេចធិបតីបានផ្ញើសារថា៖ ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនកាលពីថ្ងៃម្សិលមិញ នៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ព និងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា៖ «ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល»។ 

សម្តេចធិបតីបានបញ្ជាក់ថា៖ «រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន គឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមអោយសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់ និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន»។ 

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ «ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ព និងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ»។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។ 

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។ 

«ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវរូបថត២សន្លឹកនេះរបស់សម្តេចផ្ទៃ ដែលថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ ឆ្នាំមុននៅឆ្នាំ២០០៨ និង ២០១១។ រូបថត១សន្លឹក គឺថតនៅជិតទីបញ្ជាការជួរមុខ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ។ រូបថត១សន្លឹកទៀត គឺការចរចាជាមួយភាគីកងទ័ពជើងគោកថៃ នៅជាំស្រងាំ ដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ៕