2025-05-29 10:10
34

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ «ផ្លាយមាស៥» សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា៖ អ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុចអាល ញុះញុង […] ដែលនាំឱ្យមានការរើងអើងជាតិសាសន៍ និងបង្កទៅជាសង្គ្រាមរវាងប្រទេសទាំងពីរ ជាពិសេសនាំឱ្យមានការបាត់បង់នូវផលប្រយោជន៍តែម្តង។

នេះជាការថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ ពាក់ពន្ធ័នឹងហេតុការណ៍នៅព្រំដែនកម្ពុជា ថៃ ដែលមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធកាលពីថ្ងៃពុធម្សិលមិញនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីម្សិលមិញ មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រដ្ឋាភិបាលថៃនោះទេ វាអាចកើតចេញពីអង្គភាព។ ហើយអ្វីដែលគួរឱ្យបារម្ភ គឺ ព័ត៌មានក្លែងក្លាយដែលនាំឱមានការ ស្អប់ជាតិសាសន៍តែម្តង»។

សម្តេចតេជោ បានសម្តែងការសោកស្តាយបំផុតចពោះព្រឹត្តិការណ៍ នៃការប៉ះទង្គិចគ្នាកាលពីម្សិលមិញ ដែលបង្កឱ្យយុទ្ធជនយើងម្នាក់ ទទួលមរណភាព ពលីកម្ម ដោយសារការបាញ់ប្រហារ វាយឆ្មក់ពីភាគីយោធាម្ខាងទៀត ដែលជារឿងគួរតែចៀសវៀងពាក់ព័ន្ធនឹងបញ្ហានៅព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋជនរួមជាតិទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសថៃ។ សម្តេចតេជោ ក៏ស្នើដល់ប្រជាពលរដ្ឋកុំជឿលើព័ត៌មានក្លែងក្លាយ អុជអាលដែលនាំឱ្យបញ្ហាកាន់តែរីកធំ៕