2025-05-24 12:01
15

យោងតាមការចេញផ្សាយពីគេហទំព័រ Nation Thailand កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ នៅក្នុងការបង្ហោះហ្វេសប៊ុកនៃការធ្វើបច្ចុប្បន្នភាពស្ថានភាព Covid-19 របស់ប្រទេសថៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែឧសភា លោក Thira Woratanarat សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ក្នុងអំឡុងពេលនេះ មនុស្សចំនួន 33,589 នាក់ ដែលបានឆ្លងវីរុសកូវីដ-19 កំពុងតែបានទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះក៏មានអ្នកស្លាប់ចំនួន ៣ នាក់ត្រូវបានរាយការណ៍ផងដែរ។ 

លោកបានពណ៌នាការកើនឡើងនេះថាជា "សញ្ញាដំបូង" នៃការផ្ទុះឡើងនៃជំងឺកូវីដ-19 ដោយលោកព្រមានថា ប្រសិនបើករណីឆ្លងបែបនេះនៅតែបន្តកើនឡើង នោះការកើនឡើងបន្ថែមទៀតទំនងជាអាចកើតមាននាពេលអនាគត។

បន្ថែមពីនេះ លោក Thira ក៏បានក្រើនរំលឹកផងដែរថា ចំពោះតួលេខផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងជំងឺនៅមិនទាន់រាប់បញ្ចូលអ្នកឆ្លងជំងឺជាច្រើន ដែលមិនទាន់ស្វែងរកការថែទាំនៅមន្ទីរពេទ្យនៅឡើយផង។ 

លើសពីនេះ ប្រសិនជាការរាយការណ៍នៅតែពន្យារពេល នោះចំនួនករណីអ្នកឆ្លងអាចនឹងមានការកើនឡើងទ្វេដងនៅពេលដែលទិន្នន័យដែលបានកត់ត្រាទុកត្រូវបានបូកសរុបរួមបញ្ចូលគ្នា។

សាស្រ្តាចារ្យខាងលើ នៅតែដាក់ចេញនូវការព្រមានបន្ថែមទៀតពាក់ព័ន្ធនឹងវីរុស Covid-19 នេះ ដោយបាននិយាយថា មូលហេតុទាំងនេះគឺបណ្ដាលមកពីការខ្វះឥរិយាបទការពារ និងការចូលរួមក្នុងសកម្មភាពប្រថុយប្រថាន អាចបន្តឲ្យរីករាលដាលមេរោគនៃជំងឺ និងការស្លាប់កាន់តែច្រើន ហើយទីបំផុតសេដ្ឋកិច្ចក៏ធ្លាក់ចុះផងដែរ៕