2025-05-23 13:52
14

ហុងកុង៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កជាការបាក់ដីនៅក្នុងខេត្ត ហ្គីចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន នាថ្ងៃព្រហស្បតិ៍ ទី២៣ ឧសភា នេះ ដោយពេលនេះ យោធាជាច្រើនត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងហេតុការណ៍។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នាថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅ ឆាងស៊ី (Changshi) រួមទាំងមនុស្សពីរនាក់ផ្សេងទៀតដែលមកពីភូមិក្បែរនោះ បន្ថែមពីនោះ មនុស្សចំនួន 19 នាក់ ស្មើនឹង 8គ្រួសារផ្សេងគ្នាក៏ពុងត្រូវបានជាប់គាំងបន្ទាប់ពីរងនូវការបាក់ដី ដែលបង្ករឡើងដោយភ្លៀងធ្លាក់នេះ។បន្ទាប់ពីកើតហេតុការណ៍នេះភ្លាមៗ អាជ្ញាធរចិនក៏បានចេញការព្រមានអំពីហានិភ័យសម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រនៅក្នុងតំបន់ក្បែរនោះផងដែរ។ 

បន្ថែមពីនោះ អាជ្ញាធរបាននិយាយថា ប្រទេសនេះងាយរងគ្រោះដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារតែចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន។

គួរឲ្យដឹងថា ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំង និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់។ 

ហើយពេលនេះ បុគ្គលិកសង្គ្រោះបន្ទាន់ជាង ៤០០នាក់ រួមទាំងមន្ត្រីយោធានិងអ្នកពន្លត់អគ្គីភ័យ កំពុងត្រូវបានបញ្ជូនទៅជួយក្នុងបេសកកម្មជួយសង្គ្រោះនេះផងដែរ។

គួរបញ្ជាក់ជាថ្មីម្ដងទៀតថា ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុននៅក្នុងខេត្ត ក្វាងទុង(Guangdong) ភាគខាងត្បូងនៃប្រទេសចិន និងតំបន់ ក្វាងស៊ី (Guangxi) បានសម្លាប់មនុស្ស 7 នាក់ និងបានបង្ករឲ្យមនុស្សបាត់ខ្លួនជាច្រើននាក់ ដោយអាជ្ញាធរក៏បានចេញការព្រមានពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុដែលនឹងកើតឡើងផងដែរដូចជា អាចមានភ្លៀងធ្លាក់ខ្លាំង គ្រោះទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេសនេះផងដែរ៕