2025-05-22 11:50
12

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនាវាចម្បាំងកូរ៉េខាងជើងថ្មីមួយ ខណៈពេលដែលលោក Kim Jong Un ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរ ដោយមេដឹកនាំរដ្ឋឯកោមួយនេះ បានហៅព្រឹត្តិការណ៍នេះថាជា "អំពើឧក្រិដ្ឋកម្ម" ដែលមិនអាចអត់អោនឲ្យបាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភា នេះថា លោក Kim ដែលបានឃើញការបរាជ័យនៃការបាញ់បង្ហោះនាវាពិឃាតទម្ងន់ 5,000 តោននោះ បានលើកឡើងពីឧបទ្ទវហេតុនេះថាបណ្តាលមកពី "ការធ្វេសប្រហែស" ដែលបានធ្វើឱ្យខូចកិត្តិយសរបស់ប្រទេស ហើយបានបញ្ជាឱ្យជួសជុលកប៉ាល់នេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់មួយដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ខាងមុខនេះ។ តាមរបាយការណ៍នៅមិនទាន់បានបញ្ជាក់ថា មានអ្នកស្លាប់ឬអត់នោះទេ។

ឧបទ្ទវហេតុនៅកំពង់ផែ Chongjin នៃភាគឦសានគឺបណ្តាលមកពីការបាត់បង់តុល្យភាពខណៈពេលដែលនាវាកំពុងត្រូវបានដាក់ឱ្យដំណើរការ ដោយភាគខ្លះនៃផ្នែកខាងក្រោមនៃនាវាចម្បាំងត្រូវបានកំទេច ប៉ុន្តែគេនៅមិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការខូចខាតទ្រង់ទ្រាយនៃនាវាខាងលើនោះទេ។

ក្នុងឧបទ្ទវហេតុនេះ លោក គីម ជុងអ៊ុន បានធ្វើការវាយតម្លៃយ៉ាងម៉ឺងម៉ាត់ដោយលោកបាននិយាយថា វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាអំពើឧក្រិដ្ឋកម្មដែលបង្កឡើងដោយការធ្វេសប្រហែស ភាពមិនទទួលខុសត្រូវ និងអាណាចក្រវិទ្យាសាស្ត្រ ដែលហួសពីព្រំដែននៃលទ្ធភាព និងមិនអាចទទួលយកបាន ។ លោក Kim បានបន្ថែមថា ឧបទ្ទវហេតុនេះ បានធ្វើឲ្យសេចក្តីថ្លៃថ្នូរ និងការគោរពខ្លួនឯងរបស់រដ្ឋរបស់លោកឱ្យដួលរលំ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសកូរ៉េខាងជើងធ្លាប់បានជួបប្រទះនូវឧបទ្ទវហេតុនេះជាច្រើនលើករួចមកហើយ ដូចជាការបរាជ័យយានបាញ់បង្ហោះក្នុងលំហ និងគ្រោះមហន្តរាយស៊ីវិល ដែលត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់តួនាទីរបស់ថ្នាក់ដឹកនាំ និងគណបក្សដែលកំពុងកាន់អំណាចក្នុងការដោះស្រាយបញ្ហានានា។ ហើយចំពោះនាវាពិឃាតដែលមានទម្ងន់ 5,000 តោន ដែលកូរ៉េខាងជើងបានបាញ់បង្ហោះនៅឆ្នាំនេះគឺជានាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសនេះ៕