
មន្រ្តីបម្រើការងារនៅស្ថានទូតអ៊ីស្រាអែល ចំនួន ០២នាក់ ត្រូវជាគូរស្នេហ៍នឹងគ្នា ហើយពួកគេជិតដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នាផងនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងអាណោចអាធម៌ នៅក្បែរសារមន្ទីរជាតិជ្វីហ្វ នៅក្នុងថ្លុកឈាម ពោល គឺកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកតែម្តង។
អំពើនៃការបាញ់ប្រហារដ៏ហាវឃោរឃៅលើគូរស្នេហ៍ជាមន្ត្រីស្ថានទូត នៅចំកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ីនេះ បានកើតមានឡើង កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ។
ក្រោយការបាញ់សម្លាប់បុរសជាខ្មាន់កាំភ្លើងរូបនេះ បានស្រែកនូវពាក្យ ថា «សេរីភាព សេរីភាព ប៉ាឡេស្ទីន» បន្ទាប់ពីការបាញ់ប្រហារខ្មាន់កាំភ្លើងដើរសំដៅទៅកាន់សារមន្ទីរជាតិជ្វីហ្វ រួមបានប្រគល់ខ្លួនឱ្យប៉ូលិស ដោយគ្មានការបាញ់តដៃនោះទេ។
ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ មានឈ្មោះ យ៉ារ៉ុន លីស្គីនស្គី និង សារ៉ា លីន មីលគ្រីម ពួកគេជាបុគ្គលិកបម្រើការងារក្នុងស្ថានទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នៃការបាញ់សម្លាប់មន្ត្រីស្ថានទូតអ៊ីស្រាអែលនេះ មានចម្ងាយប្រមាណ ១.៣ ម៉ាយល៍ពីសេតវិមានប៉ុណ្ណោះ ខណៈពេលពួកគេទាំងពីរបានចាកចេញពីព្រឹត្តិការណ៍មួយដែលរៀបចំដោយគណៈកម្មាធិការជនជាតិជ្វីហ្វអាមេរិក។
ចំពោះជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះ អេលីយ៉ាស រ៉ូឌ្រីហ្គេស ភេទប្រុស អាយុជាង ៣០ឆ្នាំ មកពីទីក្រុងឈីកាហ្គោ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយការបាញ់ប្រហារយ៉ាងឃោរឃៅ។ ពេលនេះទាំងអាជ្ញាធរ រួមទាំងអេហ្វប៊ីអាយ និងប៉ូលិសក្រុងវ៉ាស៊ីនតោនឌីស៊ី កំពុងស៊ើបករណីនៃការបាញ់សម្លាប់មន្ត្រីស្ថានទូតនេះ វាជាទង្វើអំពើហិង្សាដោយគំនុំ ឬអាចជាអំពើភេរវកម្មប្រឆាំងនឹងជនជាតិជ្វីហ្វ។
ក្រោយកើតមានអំពើហិង្សានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថ្កោលទោសចំពោះសកម្មភាពរបស់ខ្មាន់កាំភ្លើងដែលលោកចាត់ទុកថាជាទង្វើ «ស្អប់ជនជាតិជ្វីហ្វ»។
ចំណែកឯកនាយករដ្ឋមន្រ្តីប្រទេសអ៊ីស្រាអែលវិញ បានប្រកាសពង្រឹងសន្តិសុខឲ្យមន្រ្តីទូតរបស់ខ្លួនទាំងអស់នៅក្នុងពិភពលោកឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពផងដែរ៕
