2025-05-23 09:50
12

ទីក្រុង BOSTON ថ្ងៃទី 22 ឧសភា (Reuters)៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី២៣ ឧសភា នេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយក៏កំពុងបង្ខំឱ្យនិស្សិតបរទេសបច្ចុប្បន្នផ្ទេរទៅសាលាផ្សេងទៀត ខណៈដែលសាកលវិទ្យាល័យផ្សេងទៀតក៏កំពុងទទួលការគំរាមគម្រាមកំហែងបែបនេះពីរដ្ឋបាល ត្រាំ ដែរ។

ជុំវិញបញ្ហានេះ លោកស្រី Kristi Noem  លេខាធិការសន្តិសុខបានចោទប្រកាន់សាកលវិទ្យាល័យខាងលើថា បានជំរុញឱ្យមានអំពើហឹង្សា ប្រឆាំងបក្សពួកនិយម និងការសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន។ 

ហើយចំពោះការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីសាកលវិទ្យាល័យ Harvard បានបដិសេធមិនផ្តល់ព័ត៌មានដែលលោកស្រី Noem ទាមទារអំពីអ្នកកាន់ទិដ្ឋាការសិស្សបរទេសមួយចំនួននៅ Harvard ។

តបនឹងការចោទប្រកាន់ខាងលើសាកលវិទ្យាល័យ Harvard បាននិយាយថា ចំណាត់ការរបស់រដ្ឋបាល Trump បានធ្វើឲ្យប៉ះពាល់ដល់សិស្សរាប់ពាន់នាក់ គឺខុសច្បាប់ និងស្មើនឹងការសងសឹក។

គួរឲ្យដឹងថា យោងតាមតួលេខដែលសាកលវិទ្យាល័យ Harvard បានបង្ហាញ នៅឆ្នាំ 2022 ជនជាតិចិនគឺជាក្រុមនិស្សិតបរទេសដ៏ធំបំផុតដែលមានចំនួន 1,016 នាក់ បន្ទាប់មកមាននិស្សិតមកពីប្រទេសកាណាដា ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី សិង្ហបុរី និងជប៉ុន ជាដើម។

លោកស្រី Noem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជាឯកសិទ្ធិមួយ មិនមែនជាសិទ្ធិទេ សម្រាប់សាកលវិទ្យាល័យក្នុងការចុះឈ្មោះនិស្សិតបរទេស និងទទួលបានអត្ថប្រយោជន៍ពីការបង់ថ្លៃសិក្សាខ្ពស់របស់ពួកគេ ដើម្បីជួយសម្រួលដល់ការឧបត្ថម្ភប្រាក់រាប់ពាន់លានដុល្លាររបស់ពួកគេ៕