2025-05-22 21:18
57

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា៖ «រាល់សកម្មភាពរបស់ បុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលបានប្រព្រឹត្តនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មាន ដែលប្រមូលបានបុគ្គលរូបនេះ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ ស្តីពី របបសារព័ត៌មាន។

«រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។ បុគ្គលរូបនេះ ទៀតសោត បានជាប់បណ្ដឹង ចំនួន ១៥ សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានា របស់ខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក និងត្រូវបានចាប់ខ្លួនពីបទល្មើស៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, បរិហាកេរ្តិ៍ជា សាធារណៈ, បង្កហិង្សា និង ការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធី»។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍។

ក្រសួងព័ត៌មាន បានសង្កេតឃើញថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដោយធ្វើអត្ថាធិប្បាយផ្សេងៗ នាំឱ្យប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹងបុគ្គលនេះ»។ 

ក្នុងករណីនេះ ក្រសួងព័ត៌មានសូមគូសបញ្ជាក់ជូនដល់សាធារណជនទាំងអស់បានជ្រាបថា៖ «បុគ្គលឈ្មោះ អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោលគឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ»។ សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គលនេះ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាត មិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានយកទៅបម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។ អ្នកដែលបំពេញការងារទាក់ទងនឹងសារព័ត៌មាន គឺត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ក្រៅពីនោះ គឺគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារព័ត៌មានឡើយ។

ក្រសួងបានបន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានបរទេសមួយចំនួន សូមកុំព្យាយាមធ្វើអាជីវកម្មនយោបាយជ្រុលហួសហេតុ ដោយបង្កើតបំភ្លៃព័ត៌មានខុសពីការពិត ពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលអាចបង្ហាញថា «អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន គឺបង្កប់នូវរបៀបវារៈនយោ​បាយ ដែលមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងផ្លូវអវិជ្ជមាន និងសូមប្រកាន់ភ្ជាប់នូវគោលការណ៍វិជ្ជាជីវៈខ្ពស់ និងកុំលង់ក្នុងល្បិចកលរបស់ក្រុមជនមួយចំនួន ដែលព្យាយាមបំភ្លៃការពិត ពីសេរីភាពខាងសារព័ត៌មាន នៅកម្ពុជា និងព្យាយាមលាបពណ៌សព្វបែបយ៉ាង ដើម្បីសុំសេចក្តីសណ្តោសពីម្ចាស់ជំនួយរបស់ខ្លួន»។ 

ទង្វើ និងសកម្មភាពរបស់អ្នកសារព័ត៌មាន ឬក្រុមណាមួយ ដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួន ឬក្រុមណាមួយផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរ បបសារព័ត៌មាន និងលិខិតបទ​ដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មានឡើយ។ 

ជាមួយគ្នានេះ ក្រសួងព័ត៌មានសង្ឃឹមថា «សមាគម និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន បញ្ឈប់ការធ្វើអាជីវកម្មនយោបាយលើករណីនេះ និងបញ្ឈប់ការលើកតម្កើងជនដែលបានប្រព្រឹត្តល្មើសច្បាប់​ធ្វើជា វីរជន ប៉ុន្តែគួរចូលរួមអប់រំណែនាំជនទាំងនោះឱ្យគោរពច្បាប់ត្រឹមត្រូវ»

សូមបញ្ជាក់ថា បុគ្គលឈ្មោះ អ៊ុក ម៉ៅ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តស្ទឹងត្រែង នៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាថ្ងៃត្រង់ ដោយចោទប្រកាន់ពីបទ៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បរិហារកេរ្តិ៍ជាសាធារណៈ»