2025-05-22 17:56
11

គុនខ្មែរ៖ កាលពីសប្ដាហ៍មុន គឺជាថ្ងៃបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៃការដំណើរការចាប់ផ្ដើមកម្មវិធីប្រកួតប្រដាល់ថ្នាលគុនខ្មែរ MSJ IKK ដោយទទួលបានការគាំទ្រពីពុកម៉ែបងប្អូនគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ហួសពីការរំពឹងទុក។ ជាមួយគ្នានេះ បងប្អូនអាជីវករមានវត្តមាននៅក្នុងផ្សារ សាន់សាញណាយម៉ាឃីត ទាំងមូលក៏មានការគាំទ្រលើកទឹកចិត្តដល់កីឡាករគុនខ្មែរដែរ ដែលនេះគឺជាថាមពលដ៏ខ្លាំងក្លា សម្រាប់កីឡាករថ្នាលគុនខ្មែរគ្រប់រូបមានទឹកចិត្តប្រកួតអស់ពីសមត្ថភាព និងដើម្បីក្លាយទៅជាកីឡាករលំដាល់ប្រទេសនាពេលខាងមុខទៀត។

ទោះជាយ៉ាងណា ការប្រកួតឈានចូលសប្ដាហ៍ថ្មីនេះ នៅមិនទាន់មានការឧបត្ថម្ភគាំទ្រថវិការ ពីសប្បុរសជនអ្នកមានទ្រព្យធនណានៅឡើយទេ។ ប៉ុន្តែ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយទូរទស្សន៍ អឹម អេស ជេ នៅតែបន្តឆន្ទគាំទ្រជួយផ្សព្វផ្សាយ និងចូលរួមអភិរក្សក្បាច់គុនខ្មែរ នៅតែបន្តដំណើរការការប្រកួតប្រដាល់ថ្នាលគុនខ្មែរ MSJ IKK ទៅមុខបន្តទៀត ដោយបានសម្រិតសម្រាងយកកីឡាករខ្លាំងៗចាស់ថ្មី ឡើងមកអង្រួនសង្វៀនMSJIKKឲ្យកានតែកក្រើក។

សូមជម្រាបជូនផងដែរថា ដោយស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងស្របតាមគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកបណ្ឌិត ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយទូរទស្សន៍ អិម អេស ជេ មានឆន្ទៈខ្ពស់គាំទ្រជួយផ្សព្វផ្សាយ និងចូលរួមអភិរក្សក្បាច់គុនខ្មែរ បានបង្កើតសង្វៀនថ្នាលគុនខ្មែរ MSJ IKK នេះឡើង ដោយនាំមកនូវផ្ទាំងទស្សនិយភាពជាការកម្សាន្តជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្តដល់កីឡាករ កីឡាការនី មិនសូវមានឱកាសបង្ហាញសមត្ថភាព ទទួលបានទីផ្សារប្រកួត ក្នុងវិស័យគុនខ្មែរ និងបន្តថែរក្សារមរតកបុព្វបុរសខ្មែរ តជំនាន់រាប់ពាន់ឆ្នាំមកហើយឱ្យពិភពលោកស្គាល់ពីគុនខ្មែរ។

ក្រោមការរៀបចំដោយស្ថាននីយទូរទស្សន៍ MSJ TV បានការសហការពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងការផ្ដល់ទីតាំងប្រកួតពីផ្សាររាត្រី សាន់សាញណាយម៉ាឃីត នឹងរៀបចំការប្រកួតថ្នាលគុនខ្មែរ MSJ IKK សម្រាប់សប្ដាហ៍ទី២ ដែលនឹងឈានចូលមកដល់ថ្ងៃសៅរ៍-អាទិត្យ ទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ជឿជាក់ថា នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងនោះឡើយ ពីកម្មវិធីក៏នៅតែផ្ដល់ជូនការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ជាបន្តទៅទៀត ជាមួយនឹងការសម្រិតសម្រាងយកកីឡាករខ្លាំងៗចាស់ថ្មី ឡើងមកអង្រួនសង្វៀន MSJ IKK ឲ្យកាន់តែកក្រើកមិនចាញ់សប្ដាហ៍ទី១ នោះឡើយ។

សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ការប្រកួតប្រដាល់ថ្នាលគុនខ្មែរ MSJ IKK ក្នុងបរិវេណផ្សាររាត្រី សានសាញ់ ណៃ ម៉ាឃីដ ទល់មុខអណាចក្រព្រិលទឹកកក ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍-អាទិត្យ ទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ឲ្យបានច្រើនកុះករ។ ការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍MSJ TV តាមរយៈ DTV រឺក៏ DTH បុសិ៍ដលេខ២៧, ថាសផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ៣៩ខ្សែកាបតាមបណ្ដាខេត្ត និងតាមរយៈប្រេកង់ ចាប់ពីវេលាម៉ោង០៦៖០០នាទីល្ងាចតទៅ ៕