2025-05-22 19:23
11

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋ កំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាព ប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ 

ឯកឧត្តម ប៉ែន បូណា បានកត់សម្គាល់ទៀតថា «ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើ និងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ»។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនការងារសេនាធិការដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង អធិការខណ្ឌទាំង១៤ អធិការរងទទួលការងារប្រតិកម្មរហ័សនៃខណ្ឌទាំង១៤ រួមទាំងលោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីអធិការរង ទទួលការងារប្រតិកម្មរហ័ស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយទៀត សរុបចំនួន ១៥០ នាក់។

ទន្ទឹមនឹងការកោតសរសើរការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ប៉ែន បូណា បានជំរុញឱ្យសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយតាមបែបបុរេសកម្មអំពីសកម្មភាពការងាររបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារនេះមានសារសំខាន់ណាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើសមត្ថកិច្ចនគរបាលផង ក៏ដូចជាបន្សាបព័ត៌មានបំផ្លើសបំភ្លៃនានា ដែលមានចេតនាវាយប្រហារមកលើសមត្ថកិច្ចផង៕