
ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំមានការធ្វេសប្រហែកទុកសម្ភារៈមានតម្លៃ ទ្រព្យសម្បត្តិ លុយកាត់ចោលក្នុងរថយន្តឱ្យសោះ ព្រោះគ្មានសុវត្ថិភាព ពេលក្រុមចោរបាន UPDATE ដោយប្រើប្រាស់ឧបករណ៍កាន់តែទំនើប ដើម្បីផ្តាច់សញ្ញាសេវា ឬប្រព័ន្ធបញ្ជាតេឡេ រួចធ្វើសកម្មភាពគាស់ទ្វារថយន្តអស់លោកអ្នកលួចយករបស់របរគ្មានសល់។
ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ជាជនជាតិបរទេស (ចិន) ពាក់ព័ន្ធករណីគាស់ទ្វារថយន្តលួចយក អាវុធខ្លី ០១ដើម របស់ជនរងគ្រោះ និងសម្ភារមួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។
ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចសម្ភារក្នុងរថយន្ត ប្រព្រឹត្តនៅចំណុច ចំណតរថយន្តក្នុងផ្សារទំនើប អ៊ីអន មានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
ជនសង្ស័យ០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ LIANG JING DIAN ភេទប្រុស ជនជាតិចិន មុខរបរ ដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ និង ទី២- ឈ្មោះ LIANG SHAO MIN ភេទប្រុស ជនជាតិចិន មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ។
នគរបាលបានឱ្យដឹងថា ចំពោះវត្ថុតាងចាប់យក អាវុធខ្លី ០១ដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះ), ឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រព័ន្ធបញ្ជា ចំនួន ០១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

