2025-05-22 17:33
9

ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញ ឱ្យលោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៨៧៣ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមសំណើសុំអន្តរាគមន៍ របស់ឈ្មោះ ឯម សុខសុវណ្ណ មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ 

ក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ «សូមឱ្យលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងព្រៃវែង ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ ចំនួន ០២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ ទៅ១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានគូសបញ្ជាក់ថា៖ «ការដាក់ចេញយុទ្ធនាការទាំង០២នេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕