
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងគេចចេញពីរថយន្ត២គ្រឿងដែលកំពុងបើកវ៉ាជែងគ្នានៅខាងមុខ ស្រាប់តែមានម៉ូតូអូសរ៉ឺម៉កចំហៀងលក់បាយម្ហូប១គ្រឿងបើកបរស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង ។ ខណៈនោះបណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ ប៉ុន្តែក្រោយពេលទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចំណុចមុខបុរីញូវថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ហង់ ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិ អូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L 4621 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានគេចចេញពីរថយន្ត២គ្រឿងដែលកំពុងបើកវ៉ាជែងគ្នាខាងមុខ ស្របពេលនោះក៏មានម៉ូតូអូសរ៉ឺម៉កចំហៀងលក់បាយម្ហូប១គ្រឿងបើកបរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង ។ បណ្ដាលឲ្យដួលម៉ូតូហើយជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែក្រោយពេលទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិត ចំណែកអ្នកបើករ៉ឺម៉ករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូអូសរ៉ឺម៉កចំហៀងលក់បាយម្ហូប ដែលជាភាគីបង្ក នឹងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
