2025-05-22 13:57
9

ពោធិ៍សាត់៖ មនុស្សឥឡូវកាន់តែសាហាវ! មានបុរស ចំនួន ០២នាក់ អង្គុយផឹកស៊ីជាមួយគ្នាសុខៗ រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន បានកើតមានទំនាស់ពាក្យសម្តីជាមួយគ្នាតឹងសសៃក ដោយសារឥទ្ធិពលនៃគ្រឿងស្រវឹងធ្វើឱ្យទប់កំហឹងមិនបានស្ទុះទាញដំបងឫស្សីវាយលើមិត្តភ័ក្របណ្តាលឱ្យស្លាប់។

ហេតុការណ៍នេះ បានកើតមានឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង០០នាទី ស្ថិតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា បានចុះឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។ 

នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេជ្រ ទីន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានយកដំបងឬស្សីវាយទៅលើជនរងគ្រោះម្នាក់ រស់នៅភូមិ-ឃុំ ជា មួយគ្នាបណ្តាលស្លាប់ ក្រោយត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ 

បច្ចុប្បន្នជន សង្ស័យព្រមទាំងវត្ថុតាង និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចំណាត់ការតាមនីតិវិធី។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅតំកល់ធ្វើបុណ្យតាមគន្លងប្រពៃណីនៅដ្ឋាននៃសព៕