
បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានធ្វវើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ជាជនជាតិបរទេស និងរឹបអូសរថយន្តស៊េរីទំនើប ចំនួន ០២គ្រឿង ពាក់ព័ន្ធករណី «ឃាតកម្មដឹកសាកសពយកទៅកប់ចោលក្នុងព្រៃ» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ការដ្ឋានចិនមួយកន្លែង ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ទី១- ឈ្មោះ អា ហួរ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា។ ទី២- ឈ្មោះ អាយ កូម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា និងទី៣- ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានកន្លែងកើតហេតុខាងលើ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅក្បែរដំបូកគុម្ភព្រៃឫស្សីព្រិច ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ប្រជាពលរដ្ឋទៅឃ្វាលគោបានប្រទះឃើញរថយន្តស៊េរីទំនើប ចំនួន ០២គ្រឿង បានមកឈប់កណ្តាលព្រៃ និងជីករណ្តៅកប់សាកសពមនុស្សម្នាក់ នៅក្បែរដំបូក ហើយបានបើករថយន្តចេញទៅបាត់ និងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានប្រាប់ទៅសមត្តកិច្ចចុះមកពិនិត្យ និងជីកកាយដីឃើញសាកសពមនុស្សម្នាក់តែម្តង។
ក្រោយកម្លាំងជំនាញពិនិត្យ និងធ្វើកោសលវិច្ឆ័យហើយសាកសពជនរងគ្រោះរកអត្តសញ្ញាណមិនទាន់ឃើញ និងទៅតម្កល់ទុកក្នុងវត្តអូរបីជាន់ ដើម្បីស្រាវជ្រាវរកសាច់ញាតិ និងបន្តនិតិវិធីតាមជំនាញ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
