
ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា៖ «យានយន្តឯកជនគ្រប់ប្រភេទដែលជ្រកក្រោមស្លាកលេខកងកម្លាំងប្រដាប់អាវុធ រួមមាន “រដ្ឋ, ខេមរភូមិន្ទ និងនគរបាល” មិនត្រូវបានអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឬហៅថា ពន្ធផ្លូវប្រចាំឆ្នាំនោះទេ លុះត្រាតែម្ចាស់យានយន្តទាំងនោះ បានបំពេញកាតព្វកិច្ចពន្ធ និងពន្ធអាករនាំចូលត្រឹមត្រូវស្របតាមច្បាប់កំណត់ជាមុនសិន»។
តាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ បានឱ្យដឹងថា៖ «យោងតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ “រដ្ឋ ខ.ម និង ន.ប” ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នោះទេ»។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ «ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពី គយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន»។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពី សារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការ អនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយអនុលោមតាមប្រកាស លេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់ម្ចាស់យានយន្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា «ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥»។
ពាក់ព័ន្ធករណីនេះ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ផងដែរ៕

