2025-05-22 10:31
11

ភ្នំពេញ៖ លោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករ ដើម្បីអភិវឌ្ឍនជីវភាព នារសៀលថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានសហការ និងចូលរួមជាមួយរដ្ឋបាលស្រុកត្រាំកក់ ការិយាល័យកសិកម្ម និងបរិស្ថានស្រុកត្រាំកក់ អាជ្ញាធរឃុំតាភេម អាជ្ញាធរឃុំពពេល អាជ្ញាធរឃុំអង្គតាសោម អាជ្ញាធរឃុំឧត្តមសូរិយា ប៉ុស្តិ៍រដ្ឋបាលទាំង៤ឃុំ មេភូមិ ប្រជាការពារភូមិទាំង៤ឃុំ លោកគ្រូអ្នកគ្រូ  និងសិស្សានុសិស្សសាលាបឋមសិក្សាចមពល ចំនួន ២៧៥ នាក់ ស្រី ១៦៣ នាក់ បានធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅលើបណ្តោយផ្លូវជាតិលេខ៣ បានប្រវែង ៥គីឡូម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៦ ដល់គីឡូម៉ែត្រលេខ ៧៣ និងប្រមូលបានសំរាមបានប្រមាណជាង ២តោន។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាអង្គការក្រៅរដ្ឋាភិបាល សមាគម និងបណ្តាអង្គការសង្គមស៊ីវិល ផ្នែកឯកជន ដែលបានពង្រឹងសាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តនានាទូទាំងប្រទេស រួមជាមួយប្រជាពលរដ្ឋ ជំរុញសកម្មភាពសម្អាតសំរាម និងសំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន តាមទីសាធារណៈនានា និងតាមដងផ្លូវ ឈានឆ្ពោះទៅកម្ពុជា មានភាពស្អាត ការរស់នៅរបស់មហាគ្រួសារខ្មែរមានសុខភាពល្អ និងភាពសុខដុមរមនារបស់សង្គមកម្ពុជា ជានិច្ចនិរន្តរ៍។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា «យុទ្ធនាការនានា ដែលក្រសួងបរិស្ថាន បានដាក់ចេញម្តងមួយជំហានៗ មានភាពច្បាស់លាស់ និងបានបណ្តុះគំនិតឱ្យស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា»។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «មហាជនបានចូលរួមគាំទ្រ និងអនុវត្តសម្អាតសំរាម និងសំណល់ប្លាស្ទិកជារៀងរាល់ថ្ងៃ ជំរុញឱ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព»៕