2025-05-21 17:09
17

ភ្នំពេញ៖ ឈាមស្រែកស្បែកហៅ គិតត្រឹមរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ឃាតករំលោភសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹក នៅខណ្ឌព្រែកភ្នៅ ត្រូវបានកម្លាំងសម្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ និងអ្នកពាក់ព័ន្ធសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ជាបន្តបន្ទាប់ទៀត។

តាមការបញ្ជាក់បានឱ្យដឹងថា សម្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ជនសង្ស័យជាឃាតកដែលជាជនដៃបានធ្វើសកម្មភាពចាប់រំលោភសម្លាប់យុវតីរងគ្រោះ ស្ថិតនៅក្នុងបន្ទប់ទឹក សាលាបឋមសិក្សា «វត្តគ្រួស» នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកមិញ។

ពាក់ព័ន្ធករណី «រំលោភសម្លាប់» ដ៏សាហាវខាងលើនេះ អង្គភាពការពារកុមារ ហៅកាត់ថា CPU បានជួយថវិការមួយចំនួនដល់ក្រុមគ្រួសារជនរងគ្រោះ និងរៀបចំមេធាវីការពារតាមផ្លួវច្បាប់ដល់គ្រួសារជនរងគ្រោះផងដែរ។ ពេលនេះសមត្ថកិច្ចមិនទាន់បញ្ចេញមុខជនសង្ស័យទេ ព្រោះកំពុងស្ថិតក្នុងប្រតិបត្តិការមិនទាន់បញ្ចប់។

សូមរំឭកថា យុវតីម្នាក់ មានឈ្មោះ «វ.ល.ណ» អាយុ ១៥ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ មានស្រុកកំណើតនៅភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្នុងសភាពដេកអាក្រាតកាយ នៅក្នុងបន្ទប់ទឹក សាលាបឋមសិក្សា វត្តគ្រួស ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

ជាជំហ៊ានដំបូងក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានដាក់ការសង្ស័យជាករណី «រំលោភរួចសម្លាប់» ហើយការចុះពិនិត្យហេតុ និងធ្វើកោសល្យវិច្ឆ័យ ដោយមានការចូលរួមពីអង្គភាពការពារកុមារ (CPU) សហការដើម្បីធើ្វការស្រាវជ្រាវ កំណត់មុខសញ្ញាជាឃាតក។
តាមការបំភ្លឺពីក្រុមគ្រួសារយុវតីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជួបជុំគ្នាជាបងប្អូនពិភាក្សាគ្នារឿងបង្កើតមុខរបររកស៊ីនៅផ្ទះ រហូតដល់ម៉ោងប្រហែល១២យប់រំលងអាធ្រាត្រ នាងបានដើរចេញពីផ្ទះ ដោយមានកាន់ទូរសព្ទ ០១ គ្រឿង និងកន្សែងមកជាមួយហើយក្រុមគ្រួសារមិនបានចាប់អារម្មណ៍នោះទេ។ លុះព្រឹកថ្ងៃទី២១ ឧសភា ស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកតែម្តង។

បច្ចុប្បន្ននេះ ឃាតកត្រូវបានចាប់ខ្លួនបាន ចំនួន ០២នាក់ នាំយកមកធ្វើការសាកសួរតាមនិតិវិធី រីឯបក្ខពួកដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោសតាមផ្លូវច្បាប។

សូមបញ្ជាក់ថា ករណី ឃាតកម្មដែលកើតក្នុងពេល ឬ ក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ៕