2025-05-20 16:19
21

កំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ មានរយៈពេល៦ថ្ងៃហើយ ដែលក្រុមហ៊ុន អាន កូ ទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយយកអាចម៍ដីដែលខ្លួនចាក់ចូលទន្លេសាប នៅចំណុច ភូមិទី១ សង្កាត់ខ្សាម ជាប់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឱ្យស្រមតាមការណែនាំរបស់ក្រសួងធនធានទឹក និងអាជ្ញាធរបឹងទន្លេសាបឡើយ។

ប្រជាពលរដ្ឋ និយាយថា តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក គេមិនបានឃើញក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំងបន្តកាយយកអាចម៍ដីដែលខ្លួនបានចាក់ចូលទន្លេសាប ប្រវែង ៧០ម៉ែត្រ កាលពីអំឡុងខែមីនា និងមេសា ឆ្នាំ២០២៥ ចេញនោះឡើយ មិនដឹងមានមូលហេតុអ្វីឱ្យប្រាកដ។ ប្រជាពលរដ្ឋបន្ថែមថា ពេលក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាបនោះ មិនមានការរអាក់រអួលដូចពេលកាយដីចេញវិញនោះទេ គឺធ្វើទៅដោយរលូន និងលឿនទៀតផង តែដល់ពេលក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប រួមនឹងអាំជ្ញាធរខេត្កកំពង់ឆ្នាំងអោយកាយអាចម៍ដីចេញវិញ មានការរអាក់រអួលជាច្រើនលើកច្រើនសារ ហាក់បីដូចមិនចង់កាយដីចេញអ៊ីចឹង។ 

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ស្នើដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ហែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង ពន្លឿនការកាយដីចេញវិញអោយដូចសភាពដើមផង ព្រោះទឹកទន្លេសាប នឹងចាប់ផ្តើមឡើងក្នុងខែមិថុនាខាងមុខនេះហើយ ម្យ៉ាងទៀតកុំអោយជាគំរូអាក្រក់ដល់ជនដទៃទៀត អាចចាក់ដីលុបទន្លេសាបយកជាកម្មសិទ្ធិផងដែរ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបដែលខ្លួនបានចាក់ចូលប្រវែង៧០ម៉ែត្រចេញវិញអោយអស់ដូចសភាពដើម តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥មកម្លេះ តែដំណើរការកាយចេញ មិនបានដូចការគ្រោងទុកនោះឡើយ។ 

ជាបន្តបន្ទាប់ ទាំងក្រសួងធនធានទឹក, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានជំរុញក្រុមហ៊ុនជាច្រើនលើកច្រើនសារ ដើម្បីអោយអស់អាចម៍ដីដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ចូលទន្លេសាប៕