
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា "តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីនិងសាធារណជនមេត្តាជ្រាបថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការជូនរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក"។
ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួនបានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ នេះបើតាមលោក ស៊ុន មេសា ដដែល។
ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវសូមបងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


