2025-05-20 14:22
21

ភ្នំពេញ៖ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា សម្រាប់ករណីនៃការប្តូរទីតាំងរបស់រោងចក្រ គល័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលផ្តល់ជម្រើស ចំនួន ២ ជូនបងប្អូនកម្មករ គឺបងប្អូនអាចទៅធ្វើការទីតាំងថ្មី មានចំងាយប្រមាណជាង ៤០គីឡូម៉ែត្រពីទីចាស់ នៅក្នុងខេត្តតាកែវ ដោយរក្សានូវតួនាទី ភារកិច្ច និងប្រាក់ខែនៅដដែល។ បើបងប្អូនមិនទៅធ្វើការកន្លែងថ្មី គឺរោងចក្របានព្រមព្រៀងគិតគូរអត្ថប្រយោជន៍ជូនកម្មករ ស្របតាមច្បាប់មិនឱ្យបងប្អូនបាត់ប្រយោជន៍នោះឡើយ។ 

អ្នកនាំាំពាក្យបានបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះដោះស្រាយផ្ទាល់នៅរោង ចក្រគល័រ ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ដោយយកចិត្តទុកដាក់បំផុត និងឈរលើគោលការណ៍រក្សាឱ្យបានប្រយោជន៍ជូនកម្មកររបស់យើង និងរក្សាអ្នកវិនិយោគដដែល ដើម្បីបន្តបង្កើតការងារជូនកម្មករ ដែលស្របទៅតាមច្បាប់ ស្តីពី ការងារ»។

សូមរំឭកថា នៅវេលាម៉ោង ០៧និង១៥ នាទីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្មករ-កម្មការិនី រោងចក្រ គលរ័ស្តា (កាត់ដេរសម្ភារៈផ្ទះបាយ និងសម្ភារៈការិយាល័យ) ប្រមាណជាង ១០០នាក់ បាននាំគ្នាតវាបាតុកម្មបិទផ្លូវលេខ ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាបពីថៅកែរោងចក្រប្រកាសផ្លាស់ប្តូរទីតាំងរោងចក្រថ្មី។

ក្រុមកម្មករ-កម្មការិនី ដែលនាំគ្នាបិទផ្លូវតវា បានសំណូមពរទាមទារលក្ខខណ្ឌ ចំនួន ៥ ចំណុច រួមមាន ៖ ទី១/ សូមឲ្យរោងចក្រគិតប្រាក់ខែចុងក្រោយ។ ទី២/ សូមឲ្យរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។ ទី៣/ សូមឲ្យរោងចក្រគិតប្រាក់អតីតភាពដែលមាន។ ទី៤/ សូមរោងចក្រគិតប្រាក់ការជូនដំណឹង (រោងចក្របានជូនដំណឹងហើយ) និង ទី៥/ សូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត តាមកិច្ចសន្យាការងារ។

ចំពោះដំណោះស្រាយការទាមទារបស់កម្មករ រោងចក្រ គលរ័ស្តា គឺ ទី១៖ ភាគីរោងចក្រនៅតែបន្តទទួលយកបងប្អូនដែលព្រមទៅធ្វើការនៅទីតាំងថ្មីដែលនៅស្រុកបាទី ខេត្តតាកែវដែលមានចម្ងាយប្រមាណ ៤០គីឡូពីទីតាំងបច្ចុប្បន្នដែលរោងចក្រមានភាពទំនើប និងទីតាំងទូលាយជាងដែលផ្តល់ផាសុភាពជូនបងប្អូនកម្មករ និង ទី២៖ ភាគីរោងចក្របានព្រមព្រៀងគិតគូរអត្ថប្រយោជន៍ជូនកម្មករដែលមិនចង់ប្តូរទៅទីតាំងថ្មីស្របតាមច្បាប់មិនឱ្យបងប្អូនបាត់ប្រយោជន៍នោះឡើយ៕