2025-05-20 14:20
21

ខេត្តបន្ទាយមានជ័យ៖  លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្តតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យបង្គោលសីមាលេខ៤១ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាននិងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ។

ក្នុងនោះដែរ លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការ គ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ការអភិវឌ្ឍនិងត្រៀមកម្លាំងនៅនឹងកន្លែង សម្រាប់អន្តរាគមន៍នៅពេលមានបញ្ហាកើតឡើងជាយថាហេតុ៕