
កំពង់ស្ពឺ៖ ក្រុមហ៊ុន Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលកែច្នៃផលិតអំពីស្វាយ មានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញសំណល់រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។
យោងតាមការអះអាងរបស់អាជ្ញាធរឃុំយាយម៉ៅពេជ្រនិល និងប្រជាពលរដ្ឋ ដែលរស់នៅក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថា៖ «បានរងផលប៉ះពាល់ដល់ការរស់នៅយ៉ាងខ្លាំង ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំបានផងដែរ បណ្តាលមកពីក្រុមហ៊ុនកែច្នៃស្វាយ ខាងលើបានបង្ហូរសំណល់រាវ ប្រមាណ២ឆ្នាំមកហើយ ទើបប្រជាពលរដ្ឋ បានជីកស្រះ ឬទិញទឹកគេមកប្រើប្រាស់»។
តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ប្រព័ន្ធអូរធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាបខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ ក្រុមការងារបានយកសំណាកទឹក ចំនួន ០៤ ទីតាំង មកវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្ត។
ជាមួយគ្នានេះ ក្រុមហ៊ុន Zhongbao (Cambodia) Food Science & Technology Co., Ltd បានទទួលស្គាល់ថា៖ «ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយកការកែលម្អបច្ចេកទេសឱ្យបានល្អប្រសើរ»។
សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល និងអ្នកពាក់ព័ន្ធបានចុះត្រួតពិនិត្យករណីបំពុលទឹក អូរធម្មជាតិ ដោយក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd.។ ចំពោះករណីនេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់ ដូចខាងក្រោម៖
ទី១- យោងតាមមាត្រា ២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ រោងចក្រត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញពីសង្វាក់ផលិតកម្មជាបន្ទាន់។ ក្នុងករណីនៅបន្ត ត្រូវបានដកហូតរាល់លិខិតអនុញ្ញាត ដែលចេញដោយក្រសួងបរិស្ថាន។
២- ត្រូវទទួលរងការពិន័យអន្ដរការណ៍យោងតាម មាត្រា ១៥៩ មាត្រា ១៦០ មាត្រា ២៨៧ និងមាត្រា ៨២៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៣- ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនារបស់ក្រុមការងារជំនាញ យោងតាមមាត្រា ១៦២ នៃក្រមបរិស្ថាន និងធនធានធម្នជាតិ។
៤- ត្រូវស្ដារបរិស្ថានឡើងវិញ ស្តារភក់ និងសំណល់រាវក្នុងអូរចោត ឱ្យបានល្អប្រសើរ ចៀសវាងបង្កការបំពុលជាបន្ដទៀតយោងតាមមាត្រា ៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៥- ត្រូវដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបនឹងស្ដង់ដារកំណត់ឱ្យបញ្ចេញ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៦- ត្រូវរៀបចំរោងសម្រាប់ស្ដុកសំណល់ភក់ និងត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំណល់ភក់ចេញពីទីតាំងក្រុមហ៊ុន។
៧- ត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ស្ថិតក្នុងដែនសមត្ថកិច្ចដឹកជញ្ជូនសំណល់សំបក និងគ្រាប់ស្វាយ ចេញពីទីតាំងក្រុមហ៊ុន និងស្នើឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមដានការអនុវត្តការងារនេះ។
៨- ត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន រៀងរាល់០៦ខែម្ដង និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ ពីក្រសួងបរិស្ថាន និងត្រូវបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថាន ឱ្យបានទៀងទាត់។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន សរុបចំនួន ២៩ ទីតាំង នៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ។
ក្រសួងបន្ថែមទៀតថា ជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន ០៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការណ៍បច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុន ចំនួន ១៧ ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស ឱ្យបានត្រឹមត្រូវ៕