
ភ្នំពេញ៖ ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយចោរជើងឆឺត ប៉ះចំចិនជើងស្តាស់ បើករថយន្តដេញបុកបណ្តាលឱ្យក្រឡាប់ ក្របួចបានទាំង២នាក់។ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បន្ទាប់ពីជនជាតិចិនបើក រថយន្តដេញបុក ក្រឡាប់pass app ដោយសារពួកគេលួចកាត់ខ្សែភ្លើង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរយៈអ្នកបកប្រែឲ្យជនជាតិចិន បានឱ្យដឹងថា ជាញឹកញាប់សម្ភារប្រើប្រាស់ និងខ្សែភ្លើងដែលមាននៅក្នុងក្រុមហ៊ុនគ្រឿងសំណង់ និងអគ្គិសនីក្រុង សុងឆេងតុង ត្រូវបានគេលួច ធ្វើឲ្យជនជាតិចិនដែលជាម្ចាស់ទីតាំងមានការខឹងជាខ្លាំង។ លុះមកដល់យប់កើតហេតុ ជន ជាតិចិនខាងលើ បានតាមដានកាមេរ៉ាសុវត្ថិភាពក្នុងក្រុម ហ៊ុន ស្រាប់តែឃើញជនសង្ស័យ ២នាក់ ក្នុងនោះម្នាក់ចូលកាត់ខ្សែភ្លើង និងម្នាក់ទៀតឈរក្បែរpass app ជាអ្នកចាំមើលផ្លូវ ឃើញដូចនេះ ក្រុមជនជាតិចិនខាងលើ បាននាំគ្នាដេញចាប់ បានជនសង្ស័យម្នាក់ ដែលជាអ្នកកាត់ខ្សែភ្លើង នៅពេលជនសង្ស័យធ្វើសកម្មភាពលើកខ្សែភ្លើងទាំងនោះដាក់ចូលក្នុងកង់៣ឥណ្ឌា។
ដោយឡែកជនសង្ស័យម្នាក់ទៀត ពេលឃើញគេចាប់គ្នាបានម្នាក់ ក៏បានបើកកង់បីរត់គេច ប៉ុន្តែត្រូវក្រុមបុរសចិនខាងលើ បើករថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6450 ដេញបុកកង់បីឥណ្ឌាពីក្រោយបណ្តាលឲ្យក្រឡាប់តែម្តង។
បន្ទាប់ពីក្រឡាប់កង់៣ឥណ្ឌា ពួកគេបាននាំគ្នាឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាអ្នកបើកកង់បីឥណ្ឌានោះ រួចទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ក្រោយកើត ហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងភាគីជនជាតិចិន ដែលជាម្ចាស់ខ្សែភ្លើង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីសាក សួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕
